វៀតណាម - អ៊ីតាលី ឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី
(VOVWORLD) - នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA) |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរនៅគ្រប់កម្រិត ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ និងបន្តពង្រីកប្រសិទ្ធភាពកម្មវិធីធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៣ យន្តការសហប្រតិបត្តិការ ក្នុងនោះមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី ៤ គណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី៧ ដើម្បីឆ្ពោះទៅពីធីរំលឹកខួបលើកទី ៥០ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម- អ៊ីតាលីក្នុងឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអ៊ីតាលីបានបន្តរៀបចំណាត់ថ្នាក់របស់វៀតណាមក្នុងបញ្ជីអាទិភាពសម្រាប់កិច្ចសហប្រតិប ត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគដំណាក់កាលក្រោយឆ្នាំ ២០២០។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែបង្ករាល់លក្ខណៈអំណោយផលដល់សហគ្រាសអ៊ីតាលី សម្រាប់ពង្រីកការវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ៊ីតាលី ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ វៀត ណាម - EU (EVIPA) គាំទ្រនិងជំរុញសហភាពអឺរ៉ុប (EU) ដកកាតលឿងសម្រាប់ជលផលវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យអ៊ីតាលី ក្នុងនាមជាសមាជិកសំខាន់នៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) និង EU បន្តជួយគាំទ្រវៀតណាមក្នុងការទទួលបានហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្មវិធីផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចបៃតង និងថាមពលកកើតឡើងវិញ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីតាលលោក Mario Draghi បានឯកភាពជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។ លោកបានប្តេជ្ញាចិត្តថារដ្ឋាភិបាលអ៊ីតាលីនឹងជំរុញឱ្យរដ្ឋសភាអ៊ីតាលីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោកអះអាងថា សហគ្រាសអ៊ីតាលីមានគោលបំណងចង់បន្តវិនិយោគនៅវៀតណាមលើវិស័យ៖ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងនវានុវត្តន៍ ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mario Draghi មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រី លោកMario Draghi បានទទួលយកសេចក្តីអញ្ជើញ ហើយបានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅបំពេញទស្សនកិច្ចនៅអ៊ីតាលី ក្នុងពេលវេលាសមស្របផងដែរ៕