វៀតណាម - អាមេរិកជំរុញការអភិវឌ្ឍលើវិស័យបម្លែងឌីជីថល បម្លែងថាមពល ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កែលំអបរិយាកាសធុរកិច្ចនិងសន្តិសុខអ៊ីនធឺណិត
(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្ខេបត្រួសៗ អំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក; គោលនយោបាយសំខាន់ៗក្នុងកម្មវិធីស្តារនិងអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV) |
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី១២ ខែឧសភា ទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយសហគមន៍ធុរកិច្ចអាមេរិក ដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) រៀបចំឡើង។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្ខេបត្រួសៗ អំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក; គោលនយោបាយសំខាន់ៗក្នុងកម្មវិធីស្តារនិងអភិវឌ្ឍន៍។ ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតនៅវៀតណាមក៏បានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់។ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតំបន់អាស៊ានទាក់ទងនឹងទំហំសេដ្ឋកិច្ចឌីជីថល។
នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរ និងបំភ្លឺដោយផ្ទាល់នូវសំណួរ និងកង្វល់មួយចំនួនរបស់សហគមន៍ធុរកិច្ចអាមេរិកក្នុងវិស័យបម្លែងឌីជីថល បម្លែងថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វិស័យសុខាភិបាល ការបង្ការជំងឺរាតត្បាត ជាដើម។ អញ្ជើញចែករំលែកអំពីគោលការណ៍ធំៗចំនួនពីរសម្រាប់ដោះស្រាយបញ្ហាទាំងនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់៖ “ទាំងនេះជាបញ្ហាសកល ដូច្នេះត្រូវតែមានវិធីសាស្ត្រអភិក្រមជាសកលដោយការរួបរួម ការរួមដៃគ្នាលើកស្ទួយពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ។ ទាំងនេះក៏ជាបញ្ហារបស់ប្រជាពលរដ្ឋទាំងមូល ដូច្នេះត្រូវគៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ យកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងចលករ”។
ទាក់ទិននឹងគំនិតផ្តួចផ្តើមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “សសរស្តម្ភនៃគំនិតផ្តួចផ្តើមនេះក៏ជាបញ្ហាសំខាន់សម្រាប់វៀតណាម សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត។ ដូច្នេះ វៀតណាមបានត្រៀមជាស្រេច ធ្វើការជាមួយអាមេរិក និងដៃគូនានាធ្វើការផ្លាស់ប្តូរ និងវិភាគដើម្បីបញ្ជាក់ខ្លឹមសារជាក់លាក់នៃសសរស្តម្ភក្នុងក្របខ័ណ្ឌនេះ។ វៀតណាមត្រៀមជាស្រេច គាំទ្ររាល់សកម្មភាពសហប្រតិបត្តិការក្នុងការបម្រើសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព ក្នុងតំបន់ និងពិភពលោក ដើម្បីផលប្រយោជន៍របស់ប្រជាជន”។
លោកនាយករដ្ឋមន្ត្រីក៏បានចែករំលែកព័ត៌មាន និងស្នើភាគីអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម ពោលគឺស្វែងរកយុទ្ធជនបាត់ខ្លួន ជំនះផលវិបាកបណ្តាពីជាតិគីមីពណ៌លឿងទុំ និងបោសសម្អាតជាតិគីមីពុលជាដើម៕