វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែតុលា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung  ប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន របស់វៀតណាម និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeo Mori បានដឹកនាំវេទិកាអាស៊ាន- ជប៉ុនលើកទី ៣៥។ 
វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥ - ảnh 1 វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥ (រូបថត៖ hanoimoi.com.vn)

មន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាននិងអគ្គលេខាធិការរងអាស៊ានក៏បានចូលរួមក្នុងវេទិកានេះ។ នៅក្នុងវេទិកានេះ ភាគីពាក់ព័ន្ធនានាបានពិនិត្យលើស្ថានភាពសហប្រតិបត្តិការអាស៊ាន - ជប៉ុនក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះមានការពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - ជប៉ុន ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី  ២៣ ជាដើម។ នៅក្នុងវេទិកានេះ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនបានអះអាងថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Suga នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ជប៉ុន ដោយរក្សាសន្តិភាព ស្ថិរភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ដើម្បីអនុវត្តគោលនយោបាយនេះ ជប៉ុនបានជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍ ដោយយកចិត្តទុកដាក់លើតួនាទីដ៏សំខាន់របស់អាស៊ាន។ លោកអនុរដ្ឋមន្រ្តី Mori បានបញ្ជាក់ថាជប៉ុនគាំទ្រដល់ទស្សនៈរបស់អាស៊ានស្តីពីតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (AOIP)ហើយមានបំណងរួមជាមួយអាស៊ានក្នុងការអនុវត្តជាក់ស្តែងនូវទស្សនៈនេះ។ ថ្លែងក្នុងឋានៈជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន - ជប៉ុននោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានស្នើឱ្យភាគីទាំងពីរបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹង ជំងឺរាតត្បាតកូវីដ ១៩ ហើយបង្កើតមជ្ឈមណ្ឌលអាស៊ានស្ដីពីបញ្ហា វេជ្ជសាស្រ្តបន្ទាន់ និងជំងឺរាតត្បាតថ្មី  (ASEAN CDC) យ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ