វិទ្យុជាតិ VOV រួមដំណើរជាមួយកម្លាំងប្រយុទ្ធជួរមុខក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែកញ្ញា អគ្គនាយករងនៃវិទ្យុសម្លេង វៀតណាម លោក Pham Manh Hung បានអញ្ជើញដឹកនាំគណៈប្រតិភូវិទ្យុសម្លេងវៀតណាមប្រចាំទីក្រុងហូជីមិញ និងបណ្តាខេត្ត ក្រុងភាគខាងត្បូង ជួបប្រជុំការងារជាមួយអង្គភាពមួយចំនួននៅខេត្តភាគខាងត្បូង និងមានសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីបង្ហាញពីការដឹងគុណដល់បុគ្គលិកពេទ្យ នៅខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត។
អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ vov.vn) |
នៅទីស្នាក់ការនៃស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាម (VOV) ប្រចាំទីក្រុងហូជីមិញលោក Pham Manh Hung បានជួបប្រជុំជាមួយតំណាងថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុជាច្រើននៅភាគខាងត្បូង ដោយពិភាក្សាអំពីវិធីសហការក៏ដូចជាទិសដៅផ្សាយព័ត៌មានក្នុងស្ថានភាពថ្មី ជាពិសេស ព័ត៌មានអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងធានាសុខុមាលភាពសង្គមក្នុងស្ថានភាពដែលជំងឺកំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។
អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung បានប្រគល់អំណោយ ១០០ លានដុងដល់បុគ្គលិកពេទ្យនៅមន្ទីរពេទ្យបណ្តោះអាសន្ន Tan Binh (រូបថត៖ vov.vn) |
នៅព្រឹកនេះផងដែរ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung បានទៅសួរសុខទុក្ខនិងផ្តល់អំណោយថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលកំពុងធ្វើការព្យាបាលអ្នកជំងឺ កូវីដ ១៩ នៅមន្ទីរពេទ្យ Le Van Thinh (ទីក្រុង Thuy Duc) និងមន្ទីរពេទ្យបណ្តោះអាសន្នពហុកម្រិតខ័ណ្ឌ Tan Binh។
ក្រុមគ្រូពេទ្យថ្លែងអំណរគុណចំពោះការលើកទឹកចិត្តនិងការចែករំលែករបស់ VOV រួមដំណើរក្រុមគ្រូពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ (រូបថត៖ vov.vn) |
នៅទីនេះ លោកអគ្គនាយករង Pham Manh Hung បានសង្កត់ធ្ងន់ថា វិទ្យុសម្លេងវៀតណាមជានិច្ចកាលរួមដំណើរជាមួយកម្លាំងខ្សែប្រយុទ្ធជួរមុខក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយវិទ្យុតែងតែធ្វើបច្ចុប្បន្នភាពលើកាណាល់ពហុព័ត៌មានរបស់វិទ្យុ អំពីចំណុចក្តៅនៃការរីករាលដាលជំងឺនៅទីក្រុងហូជីមិញ កិច្ចខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិត ប៉ូលីស កងទ័ពនិងប្រព័ន្ធនយោបាយរបស់ទីក្រុងនិងខេត្តនានានៅទូទាំងប្រទេស។ លើសពីនេះ វិទ្យុសម្លេង វៀតណាមក៏បានភ្ជាប់ទំនាក់ទំនងជាមួយសប្បុរសជន ដើម្បីអំពាវនាវនិងទទួលជំនួយឧបត្ថម្ភផ្នែកសម្ភារៈដើម្បីចែករំលែកភ្លាមៗជាមួយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋយិការ ដោយបង្ហាញពីការស្រឡាញ់របស់ប្រជាជនទូទាំងប្រទេស របស់បុគ្គលិកនិងអ្នកយកព័ត៌មានរបស់វិទ្យុ ជូនចំពោះកងកម្លាំងខ្សែប្រយុទ្ធជួរមុខ៕