សកម្មភាពតបស្នងសងគុណចំពោះយុទ្ធជនពលី
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកក្កដា នៅឯកំពែងបុរាណ Quang Tri នៃខេត្ត Quang Tri អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួម “ពិធីអុជទៀន បណ្តែតផ្កា បណ្តែតប្រទីព តបស្នងសងគុណចំពោះវីរៈជន យុទ្ធជនពលី” និងចូលរួមកម្មវិធីសិល្បៈ ផងដែរ។
លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី (រូបថតៈ VOV) |
លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំក្រសួង ស្ថាបប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Quang Tri រួមទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជនពលី និងយុវជនក្នុងខេត្ត បានអុជធូប ថ្វាយផ្កា នៅវិមានអនុស្សាវរីយ៍យុទ្ធជនពលីកំពែងបុរាណ Quang Tri ដុតទៀន តបស្នងសងគុណ បណ្តែតប្រទីព និងផ្កាស្រស់នៅដងទន្លេ Thach Han ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈជននិងយុទ្ធជនពលី។ ក្នុងសមរភូមិដើម្បីរំដោះខេត្ត Quang Tri និងរយៈពេល ៨១ ថ្ងៃនិងយប់ការពារកំពែងបុរាណ Quang Tri រដូវក្តៅ ឆ្នាំ ១៩៧២ យុទ្ធជនរាប់ពាន់នាក់បានប្រយុទ្ធដោយវីរភាពនិងពលីកម្មលើតំបន់ដីនេះ។
នៅមណ្ឌលបេតិកភណ្ឌជាតិពិសេស ផ្លូវបំបែកជាបី Dong Loc ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២០)។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថានាពេលខាងមុខ ចាំបាច់ត្រូវពង្រឹងថែមទៀត នូវការងារតបស្នងសងគុណដល់អ្នកដែលមានគុណបំណាច់ចំពោះបដិវត្តន៍។
នាយប់ថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលី Nhon លេខាគណៈកម្មាធិការបក្សនៃទីក្រុងហាណូយ លោក Vuong Dinh Hue និងសម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំពិធីអុជទៀនដើម្បីឧទ្ទិសដល់វីរបុរស វីរជន និងយុទ្ធជនពលី។ ក្នុងឱកាសនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានជូនផ្កានិងអំណោយដល់វីរៈអ្នកម្ដាយវៀតណាមចំនួន ៣១ រូបយុទ្ធជនពិការនិងក្រុមគ្រួសារគោលនយោបាយមួយចំនួនផងដែរ។
នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅឃុំ An Hong (ស្រុក An Duong ទីក្រុង Hai Phong) សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមីញនៃវិទ្យុសម្លេងវៀតណាម បានរួមសហការជាមួយអង្គភាពនិងមូលដ្ឋានកងពលតូចលេខ ១៣១ កងទ័ពជើងទឹក ដើម្បីរៀបចំកម្មវិធី “តបស្នងសងគុណខែកក្កដា - មនោសញ្ចេតនាជាមួយ កោះ សមុទ្រ មាតុប្រទេស”។ អំណោយចំនួន ២០ ចំណែកត្រូវបានជូនចំពោះសាច់ញ្ញតិយុទ្ធជនពលី កម្មភិបាលនិងយុទ្ធជនមានស្ថានភាពលំបាកនៃកងពលតូចលេខ ១៣១ កងទ័ពជើងទឹក និងថវិកាចំនួន ២០ លានដុងត្រូវបានជូនដល់មូលនិធិ “មនោសញ្ចេតនាជាមួយនឹងកោះ សមុទ្រមាតុប្រទេស”។ ថ្លែងនៅក្នុងកម្មវិធី នេះលោក Vu Hai Quang អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានអះអាងថា៖ “កម្លាំងយុវជននៃវិទ្យុសម្លេងវៀតណាមនិយាយដោយឡែកនិងយុវជនទូទាំងប្រទេស ជាជំនាន់ដែលបានកើតមកក្រោយសង្គ្រាម ប៉ុន្តែតាមរយៈការដំណាលរឿងពីជំនាន់មុន ក៏អាចយល់ពីការលះបង់ដ៏ធំធេងរបស់ជីដូនជីតា វីរៈបុរស យុទ្ធជនពលីជំនាន់មុននេះដែរ។ យុវជនសព្វថ្ងៃក៏ដូចជាយើងទាំងអស់គ្នា នឹងមិនដែលភ្លេចរូបភាពឈឺចាប់ ការបាត់បង់ក្នុងសង្គ្រាម ហើយច្បាស់ណាស់ថាអ្នកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះជាពុំខាន”៕