សេចក្តីថ្លែងការណ៍រួមរវាងវៀតណាម-ចិន
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម លោក ហ្វាម មិញ ជិញ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ឈាំង (Li Qiang) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន ដោយមាន ១២ ចំណុច។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ឈាំង (រូបថត៖ VOV) |
ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តរក្សានិងលើកកំពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង ចិន ដោយខ្ជាប់ខ្ជួននូវទំនាក់ទំនងវៀតណាម - ចិន ពីកម្ពស់យុទ្ធសាស្ត្រ និងចក្ខុវិស័យយូរអង្វែង ហើយបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រួមគ្នាកសាង សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យ និងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ថែមទៀត។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ចិនតែងតែចាត់ទុក វៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាង។ វៀតណាមអះអាងថា ខ្លួនតែងតែចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ភាវូបនីយកម្ម និងពិពិធកម្ម របស់វៀតណាម។
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ-សន្តិសុខ ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-ចិន។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់អភិវឌ្ឍន៍យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អនុវត្តបានល្អនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ ពន្លឿនការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរលើផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន; ភាគីទាំងពីរគាំទ្រការលើកកម្ពស់តួនាទីនៃ "កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់" (RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA); ប្រើឱ្យបានល្អនៃ e-commerce និងវេទិកាពិព័រណ៍; ពង្រឹងកិច្ចសហប្រតិបត្តិការគយ ពង្រីកការនាំចេញទំនិញពីប្រទេសមួយទៅប្រទេសមួយទៀត។ ចិនត្រៀមជាស្រេចបន្តបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីបើកទីផ្សារកសិផល វៀតណាម។
ទាក់ទិននឹងបញ្ហាអន្តរជាតិ ភាគីទាំងពីរបានអះអាងពីការខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់ពហុភាគីនិយម “គោលការណ៍ទាំងប្រាំនៃការរួមរស់ដោយសន្តិភាព” និងស្តង់ដារមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងរួមគ្នាការពារប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិជាមួយនឹងច្បាប់អន្តរជាតិ មូលដ្ឋានគ្រឹះ ការពារយុត្តិធម៌អន្តរជាតិ និងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិដោយស្មោះស្ម័គ្រអំពីបញ្ហាដែនសមុទ្រ ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា នៅសមុទ្រ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់; បានឯកភាពប្រកាន់ខ្ជាប់នូវការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនិងប្រទេសទាំងពីរ គ្រប់គ្រងឱ្យបានគ្រប់គ្រាន់នូវការខ្វែងគំនិតគ្នា និងស្វែងរកដំណោះស្រាយជាមូលដ្ឋាន និងរយៈពេលវែងដែលភាគីទាំងពីរទទួលយកដោយអនុលោមតាមកិច្ចព្រមព្រៀងណែនាំ គោលការណ៍ដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕