សេចក្តីថ្លែងការណ៍រួមវៀតណាមនិងសហព័ន្ធរុស្ស៊ី
(VOVWORLD) - បន្ទាប់ពីពិធីជប់លៀង នាយប់ (ថ្ងៃទី២០ មិថុនា) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធ រុស្ស៊ី បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅវៀត ណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា តបតាមការអញ្ជើញរបស់លោកអគ្គលេខា គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong។
អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ក្នុងជំនួបពិភាក្សា (រូបថត៖ Tri Dung/TTXVN) |
ឈរលើលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើសមិទ្ធិផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀត ណាមនិងរុស្ស៊ី។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនិងរុស្ស៊ីបានព្រមព្រៀងបន្តពង្រឹងការសន្ទនានយោបាយជាប្រចាំ និងជាក់ស្តែងនៅថ្នាក់ជាន់ខ្ពស់ និងថ្នាក់ខ្ពស់បំផុត; ជំរុញទំនាក់ទំនងតាមរយៈបណ្តាញបក្ស និងរវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងរដ្ឋឌូម៉ានៃសហព័ន្ធរុស្ស៊ី; បន្តសម្របសម្រួលសកម្មភាពនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់។
សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខ ដើរតួនាទីពិសេសក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ីទាំងមូល មិនសំដៅប្រឆាំងភាគីទីបីណាមួយឡើយ មានភាពជឿជាក់ខ្ពស់ និងសមស្របទាំងស្រុងទៅនឹងគោលការណ៍ និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។
ភាគីទាំងពីរបានឯកភាពផ្តោតលើការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។ ឯកភាពជំរុញការស្រាវជ្រាវនិងការបង្រៀនភាសាវៀតណាមនៅរុស្ស៊ីនិងភាសារុស្សីនៅវៀតណាម; បន្តជួយសម្រួលដល់ការរស់នៅ ធ្វើការ និងសិក្សារបស់ពលរដ្ឋវៀតណាមនៅរុស្ស៊ី និងពលរដ្ឋរុស្ស៊ីនៅវៀតណាម។
ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ បន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ និងហិរញ្ញប្បទានភេរវកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ បន្តកិច្ចសហប្រតិបត្តិការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ រួមទាំងច្បាប់វៀតណាមនិងរុស្ស៊ីរៀងៗខ្លួន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងសកម្មភាពពាណិជ្ជកម្មដែលមិនមានការរារាំង គាំទ្រការអត់ធ្មត់ មិនប្រើកម្លាំង ឬគម្រាមកំហែងក្នុងការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះរវាងភាគីពាក់ព័ន្ធដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ភាគីទាំងពីរគាំទ្រការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងស្វាគមន៍ដំណើរការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងតំបន់។
វៀតណាម និងសហព័ន្ធរុស្ស៊ីជឿជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសហប្រតិបត្តិការក្នុងសេចក្តីថ្លែងការណ៍រួម និងសកម្មភាពសម្របសម្រួលនៅវេទិកាអន្តរជាតិ និងថ្នាក់តំបន់នឹងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី រឹតចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕