សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលីរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នាថ្ងៃទី២៧ កក្កដា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចថ្នាក់ប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេល៧ឆ្នាំកន្លងមក ដែលមានអត្ថន័យដ៏សំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។

សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអ៊ីតាលី
លោក Sergio Mattarella។ (រូបថត៖ VNA)

ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី តាមរយៈការរក្សាកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ភាគីទាំងពីរបានឯកភាពចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី។ វៀតណាមនឹងពិចារណាយ៉ាងសកម្មលើការទទួលនាវាកងទ័ពជើងទឹកអ៊ីតាលី មកទស្សនាកំពង់ផែវៀតណាម ដោយស្របតាមច្បាប់ ទំលាប់អន្តរជាតិ បទប្បញ្ញត្តិរបស់វៀតណាមនិងលក្ខខណ្ឌជាក់ស្តែង។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអ៊ីនធឺណិត ការបង្ការនិងការប្រយុទ្ធប្រឆាំងនឹងបទល្មើសដោយមានការរៀបចំឆ្លងដែន។

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ភាគីទាំងពីរសន្យាបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA); ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៧ ពាន់លានដុលា្លរអាមេរិកក្នុងពេលឆាប់ៗនេះ។ ភាគីអ៊ីតាលីបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនាពេលកន្លងមកក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវអនុសាសន៍របស់ EC ក្នុងការដោះស្រាយការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។

លើបញ្ហាអន្តរជាតិ និងតំបន់ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើការសន្យាបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-សហភាពអឺរ៉ុប; ឯកភាពបន្តការសម្របសម្រួលដើម្បីរក្សាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ការអនុវត្តប្រកបដោយសុឆន្ទៈនិងមានការទទួលខុសត្រូវនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោះស្រាយជម្លោះដោយ សន្តិវិធី ដោយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ហើយគោរពដំណើរការការទូត និងផ្លូវច្បាប់ ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតសន្តិភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងយូរអង្វែងនៅអ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ