សេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍតំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរសមុទ្រភាគកណ្តាល
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ការិយាល័យនយោបាយ លេខាធិការដ្ឋានបានបើកកិច្ចប្រជុំពេញអង្គមួយ សំដៅជ្រួតជ្រាបនិងលាតត្រដាងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាលដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានសង្កត់ធ្ងន់ថា ឆ្នេរសមុទ្រភាគកណ្តាល និងតំបន់ភាគកណ្តាលប៉ែកខាងជើង មានទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់ប្រទេសជាតិទាំងមូល ហើយតែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពី បក្ស និងរដ្ឋ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បង្ហាញរបាយការណ៍ស្តីពីខ្លឹមសារមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW របស់ការិយាល័យនយោបាយ (រូបថត៖ VOV) |
“សេចក្តីសម្រេចចិត្តមានចំណុចសំខាន់ៗ ដែលយើងត្រូវលើកមកនិយាយគឺ៖ ទីមួយនោះគឺជាទីតាំងសំខាន់នៃតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាល តាមនោះ ការអភិវឌ្ឍ ការធានាការពារជាតិ និងសន្តិសុខរបស់ប្រទេសក្នុងតំបន់ ត្រូវតែដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសទាំងមូល; ទាមទារឱ្យមានការកែលម្អបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនៃយន្តការ គោលនយោបាយ និងជំរុញការអភិវឌ្ឍតភ្ជាប់ក្នុងតំបន់ ជាពិសេសរវាងឆ្នេរភាគកណ្តាល និងតំបន់ឆ្នេរភាគកណ្តាល ជាមួយនឹងតំបន់សេដ្ឋកិច្ចសង្គមចំនួន ៥ ដែលនៅសល់នៃប្រទេសជាតិ។ ទីពីរ ខេត្ត-ក្រុងចំនួន ១៤ នៃឆ្នេរភាគកណ្តាល និងតំបន់ភាគកណ្តាលប៉ែកខាងជើង គឺជាតំបន់ទាំងអស់នៅជាប់សមុទ្រ និងជាប់សមុទ្រខាងកើត។ ដូច្នេះហើយ សេដ្ឋកិច្ចសមុទ្រមានអត្ថន័យ និងតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍតំបន់ ទាំងសេដ្ឋកិច្ចសង្គម ក៏ដូចជាការធានាការពារជាតិ និងសន្តិសុខ”។ នេះបើយោងតាមប្រសាសន៍របស់លោក Tran Tuan Anh។
លោក Tran Tuan Anh ក៏បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចសមុទ្រគឺជាចំណុចសំខាន់នៅក្នុងសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ហើយថា តំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាលនឹងអភិវឌ្ឍដោយផ្អែកលើអត្ថប្រយោជន៍ពីសេដ្ឋកិច្ចសមុទ្រផងដែរ៕