ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន៖ តាលីបង់រៀបចំសន្និសីទសារព័ត៌មានលើកដំបូង ក្រោយពីដណ្ដើមបានរដ្ឋអំណាច
(VOVWORLD) - នៅថ្ងៃទី ១៧ ខែសីហា ចលនាតាលីបង់បានរៀបចំសន្និសីទកាសែតលើកដំបូងជាផ្លូវការ ចាប់តាំងពីពេលដណ្ដើមបានរដ្ឋអំណាចនៅអាហ្វហ្កានីស្ថាន។
នកនាំពាក្យតាលីបង់ Zabihullah Mujahid (រូបថត៖ India Today) |
នៅក្នុងសន្និសីទសារកាសែតដែលបានប្រព្រឹត្តិទៅនៅរដ្ឋធានី កាប៊ុលនោះ អ្នកនាំពាក្យចលនាតាលីបង់ លោក Zabihullah Mujahid បានអះអាងថា សង្គ្រាមនៅប្រទេសនេះបានបញ្ចប់ហើយ កម្លាំងឥស្លាមនេះកំពុង កាន់កាប់រដ្ឋធានីកាប៊ុល ក៏ដូចជាទឹកដីទាំងមូល និងខ្សែព្រំដែនរបស់អាហ្វហ្គានីស្ថាន ព្រមទាំងបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ភារកិច្ចសំខាន់របស់តាលីបង់ គឺរក្សាស្ថិរភាពស្ថានការណ៍ និងបង្កើតរដ្ឋាភិបាលថ្មីមួយ។
លោក Mujahid បាននាំចេញការសន្យាសម្រាប់ប្រទេសអាហ្វហ្គានីស្ថាននាពេលអនាគត ក្រោមការដឹកនាំរបស់ តាលីបង់ ជាពិសេសគឺសន្យាថានឹងគោរពសិទ្ធិរបស់ស្ត្រី ឲ្យស្របតាមច្បាប់ឥស្លាម។ លើសពីនេះទៅទៀត តាលីបង់ក៏បានអំពាវនាវដល់មន្រ្តីរដ្ឋាភិបាលទាំងអស់ឱ្យវិលត្រឡប់មកធ្វើការងារធម្មតាវិញ។
ក្រៅពីនេះ អ្នកនាំពាក្យក្រុមតាលីបង់ក៏បានធានាចំពោះសហគមន៍អន្តរជាតិថា ទឹកដីអាហ្វហ្កានីស្ថាននឹងមិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងភាគីណាមួយ
ឡើយ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេសនេះក្លាយទៅជាជម្រករបស់បណ្ដាអង្គការភេរវកម្មឡើយ។ តាលីបង់មានគោលបំណងចង់កសាងទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយប្រទេសផ្សេងៗទៀត ព្រមទាំងប្រកាសថា សហរដ្ឋអាមេរិកត្រូវដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថានមុនថ្ងៃទី ១១ ខែកញ្ញាខាងមុខ ហើយសន្យាថា ចលនានេះមិនមានគោលបំណងវាយប្រហារកងទ័ពអាមេរិកឡើយ។
ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រកាសថា អង្គការសហប្រជាជាតិត្រូវការមើលឃើញសកម្មភាពជាក់ស្ដែងរបស់កងកម្លាំងនេះនៅ អាហ្វហ្កានីស្ថានផងដែរ៕