ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាម
(VOVWORLD) - ថ្លែងនៅពិធីនេះ លោកស្រីភារធារី Pham Thuy Nga បានអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរាល់គោលដៅនិងភារកិច្ចដែលត្រូវបានដាក់ចេញ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ២០២៥និងឆ្នាំ២០៣០ ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ២០៤៥ផងដែរ។
ទិដ្ឋភាពទូទៅនៃពិធីរំលឹកខួបអនុស្សាវរីយ៍។ (រូបថត៖ Vietnam+) |
នាថ្ងៃទី២៦ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ កញ្ញា ឆ្នាំ២០២០) ដោយមានការចូលរួមរបស់កម្មា ភិបាល បុគ្គលិកនៃស្ថានទូត ស្ថាប័នតំណាងវៀតណាមប្រចាំនៅអូស្ត្រាលី រួមជាមួយអាណិកជន បញ្ញាវ័ន្ត ធុរជននិស្សិតវៀតណាមមួយចំនួននៅអូស្ត្រាលី ក៏ដូចជាមិត្តភក្តិខ្លះៗទៀតនៃប្រទេសសាម៉ីផងដែរ។
ថ្លែងនៅពិធីនេះ លោកស្រីភារធារី Pham Thuy Nga បានអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរាល់គោលដៅនិងភារកិច្ចដែលត្រូវបានដាក់ចេញ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ២០២៥និងឆ្នាំ២០៣០ ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ២០៤៥ផងដែរ។ លោកស្រីភារធារី Pham Thuy Nga បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ ជនវៀតណាម បញ្ញាវ័ន្ត ធុរជន សាស្ត្រាចារ្យ និស្សិត និងបុគ្គលដ៏លេចធ្លោផ្សេងៗទៀត ដោយបានសម្រេចយ៉ាងល្អប្រពៃនូវតួនាទីរបស់ពលរដ្ឋវៀតណាមក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ ហើយទទួលបានការគោរពរបស់ប្រជាពលរដ្ឋនៅប្រទេសសាម៉ីនិងការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះការអភិវឌ្ឍរបស់សហគមន៍វៀតណាមផងដែរ។ លោកស្រីរូបនេះបានចាត់ទុកថា រាល់កិច្ចខិតខំប្រឹងប្រែងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋស្ដីពីការពង្រឹងឋានៈ តួនាទីរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ ហើយអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅនិងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។
ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលី លោកស្រីភារធារី Pham Thuy Nga បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងចែករំលែកផលប្រយោជន៍រួម ចក្ខុវិស័យរួមនិងតម្លៃយុទ្ធសាស្ត្ររួមក្នុងក្របខ័ណ្ឌទាំងទ្វេភាគីនិងពហុភាគី ក៏ដូចជាក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាច្រើនក្នុងតំបន់ដូចជាបញ្ហាសមុទ្រខាងកើតឬវិបត្តិ Covid-19។ ហេតុដូច្នេះ លោកស្រី Pham Thuy Nga បានសម្ដែងនូវជំនឿជាក់ថា ដោយមានការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតដើម្បីផលប្រយោជន៍នៃភាគីទាំងពីរជាក់ជាពុំខាន៕