សាធារណរដ្ឋ Palau មានគោលបំណងចង់ពង្រឹងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយវៀតណាម

(VOVWORLD) - ប្រទេសទាំងពីរគប្បីបន្តពិភាក្សា និងផ្លាស់ប្តូរអំពីវិធានការសហប្រតិបត្តិការ ដើម្បីកសាងអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
សាធារណរដ្ឋ Palau មានគោលបំណងចង់ពង្រឹងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត Vu Hong Nam (ទីបីពីឆ្វេង) និងរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងអភិវឌ្ឍន៍ Ngraibelas Tmetuchl (ទីពីរពីឆ្វេង) (រូបថត៖ VNA)

នាថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងតូក្យូ ជប៉ុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងអភិវឌ្ឍន៍លោក Ngraibelas Tmetuchl និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Charles I. Obichang រួមជាមួយសមាជិកសភាជាច្រើនរូបមកពីសាធារណៈរដ្ឋ Palau ជាប្រទេសកោះ ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

នៅក្នុងជំនួបធ្វើការនេះ លោករដ្ឋមន្ត្រី Ngraibelas Tmetuchl បាននិយាយថា ប្រធានាធិបតី Palau លោក Surangel Whips Jr. មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ហើយមានគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យដូចជា៖ សំណង់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធនធានមនុស្ស និងនេសាទជលផល។ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសាធារណៈរដ្ឋ Palau និងវៀតណាម លោករដ្ឋមន្ត្រី Ngraibelas Tmetuchl បានអះអាងពីអាទិភាពលើកទឹកចិត្ត និងជួយឧបត្ថម្ភដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការជំរុញរាល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ការសិក្សាទីផ្សារ និងស្វែងរកឱកាសវិនិយោគ។ លោករដ្ឋមន្ត្រី Ngraibelas Tmetuchl បាននិយាយថា Palau មានគោលបំណងចង់បង្កើតជើងហោះហើរត្រង់ពីវៀតណាមទៅកាន់ប្រទេសកោះនេះ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍទេសចរណ៍។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីបន្តពិភាក្សា និងផ្លាស់ប្តូរអំពីវិធានការសហប្រតិបត្តិការ ដើម្បីកសាងអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយតាមនោះជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអំពីប្រភពធនធានមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ