សន្និសីទសន្តិភាពសម្រាប់អ៊ុយក្រែន៖ ទស្សនៈរបស់ប្រទេសនានាស្តីពីវត្តមានរបស់រុស្ស៊ីក្នុងការចរចាសន្តិភាព
(VOVWORLD) - កិច្ចប្រជុំកំពូលសន្តិភាពសម្រាប់អ៊ុយក្រែនបានចាប់ផ្តើមថ្ងៃប្រជុំដំបូង របស់ខ្លួននៅថ្ងៃទី ១៥ ខែមិថុនា នៅរមណីយដ្ឋាន Burgenstock ប្រទេសស្វីស។
ប្រធានាធិបតីស្វីស Viola Amherd និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ចូលរួមសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំកំពូលសន្តិភាពសម្រាប់អ៊ុយក្រែន (រូបថត៖ TTXVN) |
បន្ទាប់ពីសន្និសីទសារព័ត៌មានដោយមានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គណៈប្រតិភូនៃប្រទេសនានាបានចូលប្រជុំពិភាក្សាទូទៅ និងកិច្ចប្រជុំភាគី។
ថ្លែងនៅក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud បានឲ្យដឹងថា ដើម្បីដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន រាល់ការខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីកែលម្អការសន្ទនារវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូ។ យោងតាមរដ្ឋមន្ត្រីការបរទេស Al Saud ការចរចាណាមួយដែលមានបំណងស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន សុទ្ធតែត្រូវមានការចូលរួមពីរុស្ស៊ីទៀតសោត។
នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានកត់សម្គាល់ថា សន្តិភាពមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមកិច្ចសន្ទនារបស់រុស្ស៊ី។
សម្រាប់ខ្លួនវិញ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Charles Michel បានឲ្យថា សន្តិភាពនឹងសម្រេចបានតាមរយៈការសន្ទនាប៉ុណ្ណោះ។ ដូច្នេះហើយ ទីក្រុងគៀវត្រូវតែសម្រេចចិត្តដោយខ្លួនឯងនៅពេលដែលពួកគេត្រៀមខ្លួនសម្រាប់ជំហានបែបនេះ។ ចែករំលែកមតិដូចគ្នា ប្រធានាធិបតីស្វីស លោក Viola Amerd បានឲ្យដឹងថា ប្រសិនបើរុស្ស៊ីចង់បានសន្តិភាព នៅចំណុចណាមួយ រុស្ស៊ីចាំបាច់ត្រូវចូលរួមក្នុងដំណើរការចរចា។ ចំណែកប្រធានាធិបតីឈីលី Gabriel Boric បាននិយាយថា វត្តមានរបស់រុស្ស៊ីគឺជាគន្លឹះនៅក្នុងតុចរចា។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan បានវាយតម្លៃថា លក្ខខណ្ឌដែលផ្តល់ដោយរុស្ស៊ីដើម្បីដោះស្រាយជម្លោះ គឺជាជំហានសំខាន់ដែលនាំមកនូវក្តីសង្ឃឹម រួមទាំងការអភិវឌ្ឍយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងជំហានការទូតផងដែរ។
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីបារាំង Emmanuel Macron បានចាត់ទុកថា ចាំបាច់ត្រូវបង្កើនចំនួនប្រទេសដែលចូលរួមក្នុងដំណើរការជំរុញផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។ ហើយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអំពាវនាវឲ្យមានការបង្កើនកិច្ចប្រឹងប្រែងជាសាកល ដើម្បីសម្រេចបាននូវ “សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង” នៅក្នុងប្រទេសអ៊ុយក្រែន៕