សំបុត្រនិងសារទូរលេខចែករំលែកជាមួយ វៀតណាមចំពោះផលប៉ះពាល់បណ្តាលពីព្យុះទីហ្វុង Yagi
(VOVWORLD) - ដោយបង្ហាញពីសាមគ្គីភាពនិងការចែករំលែកជាមួយវៀតណាមលើការខូច ខាតដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ថ្នាក់ដឹកនាំនៅបណ្តាប្រទេសទូទាំងពិភពលោក បន្តផ្ញើរសំបុត្រនិងសារទូរលេខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ និងប្រធានរដ្ឋសភា លោកត្រិន ថាញ់មិន។
ខ្យល់ព្យុះលេខ៣ បង្កឱ្យមានទឹកជំនន់រាលដាលនៅភាគខាងជើងវៀតណាម (រូបថត៖ VOV) |
ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឃួន សុដារី បានផ្ញើសាររំលែកទុក្ខជូនរដ្ឋនិងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ ជនរងគ្រោះ។ ថ្នាក់ដឹកនាំកម្ពុជាបានបង្ហាញការជឿជាក់ថា វៀតណាមនឹងមានភាពធន់ក្នុងការជំនះគ្រាដ៏លំបាកនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខនិងបញ្ជាក់អំពីសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងជួយវៀតណាម ដើម្បីឲ្យប្រជាជននៅតំបន់ រងគ្រោះឆាប់ជំនះការលំបាក និងស្ថិរភាពជីវភាពរស់នៅ។
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ Christopher Luxon បានចូលរួមរំលែកទុក្ខនិងអះអាងនូវសាមគ្គីភាពជាមួយប្រជាជនវៀតណាម ត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះ ជំនះរាល់ការលំបាកនានា ដើម្បីធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាព។
សម្តេចប៉ាប Francis; ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស Aleksandr Lukashenko; ប្រធានាធិបតីនៃសាធារណៈរដ្ឋសីស្ហែល លោក Wavel Ramkalawan ក៏បានផ្ញើលិខិតនិងទូរលេខទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ បណ្តាលពីព្យុះទីហ្វុង Yagi នៅវៀតណាម។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អេហ្ស៊ីប បេឡារុស បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា សាធារណរដ្ឋឆេក និងសីស្ហែលបានផ្ញើសាររំលែកទុក្ខជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son។ ក្រសួងការបរទេស និងស្ថានទូតនៃប្រទេសផ្សេងៗក៏បានចែករំលែកសារនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដោយសម្តែងការចែករំលែកចំពោះការខូចខាតដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi លើប្រជាជនវៀតណាម៕