សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា
(VOVWORLD) - សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា នៅរោងមហោស្រព ក្នុងទីក្រុងហូជីមិញ ជាមួយនឹងការសម្តែងសិល្បៈរបស់ក្រុមសិល្បៈជាតិកម្ពុជា
ការសម្តែងសិល្បៈរវាងវៀតណាម និងកម្ពុជា (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា រៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ ជាមួយនឹងសកម្មភាពជាច្រើន នៅទីក្រុងហូជីមិញ និងខេត្តត្រាវិញ។
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា នៅរោងមហោស្រព ក្នុងទីក្រុងហូជីមិញ ជាមួយនឹងការសម្តែងសិល្បៈរបស់ក្រុមសិល្បៈជាតិកម្ពុជា។ នាថ្ងៃដដែល នៅទីក្រុងហូជីមិញ ក៏បានប្រព្រឹត្តទៅការតាំងពិព័រណ៌ “កម្ពុជា-អាណាចក្រវប្បធម៌” ដោយឧទ្ទេសនាមដល់ទស្សនិកជនទីក្រុងអំពីបេតិកភណ្ឌវប្បធម៌រូបី និងអរូបី សម្រស់ធម្មជាតិ និងប្រជាជនកម្ពុជា។ ក្រៅពីសកម្មភាពនៅទីក្រុងហូជីមិញ ក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ នៅខេត្តត្រាវិញក៏នឹងមានការសម្តែងសិល្បៈ របស់ក្រុមសិល្បៈជាតិកម្ពុជានៅយប់ថ្ងៃទី៣០ ខែ កញ្ញាផងដែរ។
ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ នឹងមានពិធីចុះហត្ថលេខាលើ “ផែនការសហប្រតិបត្តិការវប្បធម៌ និងសិល្បៈរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា សម្រាប់ដំណាក់កាល ២០២៣-២០២៧” ផងដែរ៕