សារទូរលេខអបអរសាទរមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ មហសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបន្តទទួលបានសារទូរលេខនិងសារលិខិតអបអរសាទរជាច្រើនរបស់គណៈបក្សនយោបាយ អង្គការនានានិងមិត្តភក្តិអន្តរជាតិពីគ្រប់ទិសទីលើទូទាំងពិភពលោក។
ផ្ទាំងប៉ាណូស្វាគមន៍មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។
(រូបថត៖ TTXVN) |
សារទូរលេខអបអរសាទររបស់គណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” បានអះអាងថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែជាសញ្ញាសម្គាល់ដ៏សែនសំខាន់ក្នុងបុព្វហេតុកសាងបក្សនិងរដ្ឋវៀតណាមប៉ុណ្ណោះទេ ថែមទាំងចាក់គ្រឹះដ្ឋានលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពង្រឹងស្ថិរភាពនយោបាយនិងពង្រីកទំនាក់ទំនងអន្តរជាតិ ដើម្បីសុភមង្គលនិងវិបុលភាពរបស់ប្រជាជនវៀតណាម។
សារទូរលេខអបអរសាទររបស់គណៈបក្សប្រជាជនឥណ្ឌាបានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងឥណ្ឌានិងវៀតណាមបានឈានឡើងកំពស់ថ្មី ដោយបានដាក់ចេញទស្សនៈវិស័យរួមស្ដីពីសន្តិភាពនិងវិបុលភាព។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-វៀតណាមគឺជាការរីកចម្រើនមួយទៀតក្នុងទិសដៅនេះ។
សារទូរលេខអបអរសាទររបស់គណៈបក្សប្រជាធិបតេយ្យសេរីជប៉ុនបានអះអាងថា៖ ការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព នឹងក្លាយទៅជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ីរវាងវៀតណាមនិងជប៉ុន។
សារទូរលេខអបអរសាទររបស់គណៈបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូនេស៊ីមានឃ្លាថា៖ យើងខ្ញុំយល់ច្បាស់ពីលក្ខណៈយុទ្ធសាស្ត្រនិងសារសំខាន់នៃមហាសន្និបាតលើកនេះចំពោះបក្សកុម្មុយនិស្តវៀតណាមនិងការអភិវឌ្ឍនៃប្រទេសវៀតណាមទំនើប។ យើងខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៣នឹងសម្រេចបានជោគជ័យល្អប្រសើរ ដោយនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ការកំណត់មាគ៌ានិងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសវៀតណាមជាក់ជាពុំខាន។
សារទូរលេខរបស់គណៈបក្សចលនារំដោះជាតិប៉ាឡេស្ទីនមានឃ្លាថា៖ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការបម្រើប្រជាជននិងការដឹកនាំប្រទេសជាតិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងប៉ាឡេស្ទីន ដែលត្រូវបានពូនជ្រុំក្នុងអំឡុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរ។
ក្នុងឱកាសមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ គណៈបក្សសង្គមអាហ្សង់ទីន គណៈបក្សប្រជាជនសង្គមនិយមមិចស៊ីកូ គណៈបក្សកុម្មុយនិស្តប្រេស៊ីលនិងគណៈបក្សកុម្មុយនិស្តឈីលី ក៏បានផ្ញើរសារទូរលេខអបអរសាទរផងដែរ៕