សិល្បករ សិល្បការិនីនិងតារាសម្តែងជាង ២០០ នាក់នឹងចូលរួមមហោស្រពតន្ត្រីអាស៊ាននៅទីក្រុង Hoi An
(VOVWORLD) - មហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍វប្បធម៌ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ រវាងវៀតណាមជាមួយប្រទេសនានាក្នុងតំបន់; ប្រមូលផ្តុំអង្គភាពសិល្បៈឆ្នើមៗ ពីបណ្តាប្រទេសអាស៊ាន។
ការសម្តែងវប្បធម៌នៅក្នុងមហោស្រពតន្ត្រីអាស៊ាន - ២០១៩។ (រូបថត៖ An Dang/TTXVN) |
មហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុង Hoi An ខេត្ត Quang Nam។ ពិធីបុណ្យនេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) ទន្ទឹមនឹងនោះ បានរួមចំណែកធ្វើឲ្យសម្បូរបែប នូវសកម្មភាពក្នុងក្របខ័ណ្ឌពិធីបិទឆ្នាំទេសចរណ៍ជាតិ - Quang Nam ឆ្នាំ ២០២២ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកាន់ខេត្ត Quang Nam។
មហោស្រពនេះបានទាក់ទាញសិល្បករ សិល្បការិនី និងតារាសម្ដែងជាង ២០០នាក់ មកពីអង្គភាពសិល្បៈក្នុងស្រុក និងបរទេសចំនួន ១៤ ដើម្បីចូលរួមក្នុងការសម្តែងសិល្បៈទូទៅ ដែលមានរចនាប័ទ្ម និងប្រភេទផ្សេងៗគ្នា ឬតន្ត្រីចម្រុះ (រួមបញ្ចូលតន្ត្រីប្រពៃណី និងសហសម័យ)។
មហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍វប្បធម៌ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ រវាងវៀតណាមជាមួយប្រទេសនានាក្នុងតំបន់; ប្រមូលផ្តុំអង្គភាពសិល្បៈឆ្នើមៗ ពីបណ្តាប្រទេសអាស៊ាន។ សកម្មភាពនេះក៏ជាស្ពានតភ្ជាប់សម្រាប់ប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ទទួលបានការយល់ដឹង ភាពស្អិតរមួតនិងសាមគ្គីភាព រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើនប្រកបដោយវិបុលភាព៕