សហគមន៍អន្តរជាតិប្តេជ្ញា បរិច្ចាគថវិកា ១,២៨ ពាន់លានដុល្លារដល់មូលនិធិអន្តរការីហិរញ្ញវត្ថុ សម្រាប់ការបង្ការជំងឺរាតត្បាត
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani Indrawati បានប្រកាសថា រាល់ការប្តេជ្ញាសម្រាប់មូលនិធិអន្តរការីហិរញ្ញវត្ថុ សម្រាប់បង្ការ ត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត (PPR) បច្ចុប្បន្ន បានឈានដល់ចំនួនជិត ១,២៨ ពាន់លានដុល្លារ។
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្តាហ៍កន្លងទៅ លោកស្រី Sri Mulyani Indrawati បានឲ្យដឹងថា ចំនួនថវិកាខាងលើនេះ រួមបញ្ចូលទាំងការប្តេជ្ញាបន្ថែមរបស់សមាជិកក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G២០) នៅក្នុងសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ លើកទី ៣ នៅកោះបាលី។ ការប្តេជ្ញា ផ្តល់មូលនិធិមុននោះបានមកពីសហរដ្ឋអាមេរិក គណៈកម្មការអឺរ៉ុប(EC) អាល្លឺម៉ង់ ឥណ្ឌូនេស៊ី សិង្ហបុរី ចក្រភពអង់គ្លេស មូលនិធិ Wellcome Trust និងមូលនិធិ Bill & Melinda Gates ។ ការប្តេជ្ញាផ្តល់មូលនិធិបន្ថែមដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះគឺមកពីប្រទេសអ៊ីតាលី ចិន អារ៉ាប់រួម(UAE) ជប៉ុន និងកូរ៉េខាងត្បូង។
ប្រទេសឥណ្ឌូណេស៊ី ដែលកាន់តំណែងជាប្រធានប្តូរវេន G២០ ក្នុងឆ្នាំ ២០២២ បានកំណត់គោលដៅក្នុងឆ្នាំ២០២២នេះ ត្រូវក្រៀងគរថវិកាឲ្យបានចំនួន ១,៥ ពាន់លានដុល្លារ សម្រាប់មូលនិធិ FIF ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលនាពេលអនាគត។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមីនា ធនាគារពិភពលោក (WB) និងអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា គម្លាតថវិកាចាំបាច់សម្រាប់ការត្រៀមលក្ខណៈ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ មានការខ្វះខាតប្រមាណ ១០,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ WHO នឹងដើរតួនាទីជាអ្នកដឹកនាំ ក្នុងការកំណត់ថាតើប្រទេសណាត្រូវការជំនួយពី FIF ៕