ហៃទីមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមថែមទៀត
(VOVWORLD) - ភាគីទាំងពីរបានឯកភាពគ្នាបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្ករាល់លក្ខណៈងាយស្រួលដល់សាជីវកម្មទូរគមនាគមន៍ (NATCOM S.A) រវាង Viettel Group និងអគ្គក្រុមហ៊ុន ទូរគមនាគមន៍ហៃទី ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព រួមវិភាគទានដល់ស្ថិរភាព និងអភិវឌ្ឍន៍របស់ហៃទី។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានអញ្ជើញជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសហៃទីលោក Azad Pierre Nasser Belfort (ប្រភព៖ កាសែត Nhan Dan) |
នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានអញ្ជើញជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសហៃទីលោក Azad Pierre Nasser Belfort ក្នុងឱកាស លោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ វិច្ឆិកា។
ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាលើវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅតាមអង្គការអន្តរជាតិ និងវេទិកាពហុភាគីនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្ករាល់លក្ខណៈងាយស្រួលដល់សាជីវកម្មទូរគមនាគមន៍ (NATCOM S.A) រវាង Viettel Group និងអគ្គក្រុមហ៊ុន ទូរគមនាគមន៍ហៃទី ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព រួមវិភាគទានដល់ស្ថិរភាព និងអភិវឌ្ឍន៍របស់ហៃទី។
លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានស្នើឲ្យក្រសួងការបរទេសហៃទីសម្របសម្រួលគ្នាជំរុញការផ្លាស់ប្តូរ និងជំនួបប្រាស្រ័យទ្វេភាគី ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងហៃទី; តភ្ជាប់សហគ្រាសរបស់ភាគីទាំងពីរ និងស្វែងរកវិស័យសហប្រតិបត្តិការដោយផ្អែកលើសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។
រីឯខ្លួនវិញ លោកអនុរដ្ឋមន្ត្រី Azad Pierre Nasser Belfort បានអះអាងថា រដ្ឋាភិបាល Haiti មានបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមថែមទៀត ជាពិសេសក្នុងការទាក់ទាញការវិនិយោគរបស់សហគ្រាសវៀតណាមនៅហៃទី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសាជីវកម្មលើវិស័យកសិកម្ម នេសាទត្រី និងចិញ្ចឹមសត្វ៕