អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron
(VOVWORLD) - នារសៀលថ្ងៃទី ២០ តុលា ពីទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាន់តខ្ពស់ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ VOV) |
អគ្គលេខាបក្សលោក Nguyen Phu Trong បានផ្លាស់ប្ដូរជាមួយប្រធានាធិបតីបារាំងអំពីសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី; បានជម្រាបជូនប្រធានាធិបតីបារាំងអំពីគោលដៅអភិវឌ្ឍន៍របស់វៀតណាមរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ និងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងរបស់វៀតណាម។ លោកអគ្គលេខាបក្សកាបានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការគោរពតាមគោលការណ៍នានានៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាអន្តរជាតិ រួមទាំងការធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់សមុទ្រខាងកើតផងដែរ។
ចំពោះទំនាក់ទំនងវៀតណាម - បារាំង អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ភាគីទាំងពីរបានអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សនៅប្រទេសបារាំងក្នុងឆ្នាំ ២០១៨។ លោកអគ្គលេខាបក្ស បានផ្លាស់ប្ដូរជាមួយប្រធានាធិបតីបារាំងអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា បារាំងគោរពតួនាទី និងឋានៈអន្តរជាតិរបស់វៀតណាម ទំនាក់ទំនងដៃគូយុទ្ធសាស្ត្របារាំង-វៀតណាម ហើយនឹងរួមដំណើរជាមួយវៀតណាមជានិច្ចក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លោកប្រធានាធិបតីបារាំងបានចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ ការផ្លាស់ប្ដូរថាមពល វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ បច្ចេកទេស ... លោកប្រធានាធិបតីបារាំងគាំទ្រវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) ក្នុងនោះមានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេសាទ; ព្រមទាំងមានបំណងចង់ឲ្យប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីនានា ជាពិសេសក្នុងសហគមន៍ប្រទេសនិយាយភាសាបារាំង៕