អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh
(VOVWORLD) - នាថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ធ្វើជាសហប្រធានបើកឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២ និងចូលរួមកិច្ចប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Phankham Viphavanh (រូបថត៖ Tri Dung/TTXVN) |
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពជួរមុខសម្រាប់ការពង្រឹងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ហើយតែងតែគាំទ្រយ៉ាងមុតមាំចំពោះការផ្លាស់ប្តូរនិងអភិវឌ្ឍន៍របស់ឡាវ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ដែលជាទិសដៅស្នូលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ។ ជាងនេះទៅទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពជាក់ស្តែង ស៊ីជម្រៅនិងទូលំទូលាយ ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍នៃឆ្នាំមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាម - ឡាវ ឆ្នាំ២០២២។
ចំណែកឯលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម។ លោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានជម្រាបជូនអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាដ៏មានខ្លឹមសារនិងស៊ីជម្រៅជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានអភិវឌ្ឍលើគ្រប់វិស័យ។ រដ្ឋាភិបាលឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល វៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ និងខ្លឹមសារនៃកិច្ចព្រមព្រៀងនៅសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ព្រមទាំងអនុវត្តន៍សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំសាមគ្គីភាព មិត្តភាពឡាវ-វៀតណាមឆ្នាំ២០២២៕