អង្គការពលកម្មអន្តរជាតិប្ដេជ្ញាបន្តជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាទាក់ទងនឹងពលករនិងការងារ
(VOVWORLD) - វៀតណាមសម្រេចបានការវិវឌ្ឍជាក់ស្តែងនៅក្នុងលក្ខខណ្ឌនៃការងារ និងសហជីព ដោយប្រព័ន្ធច្បាប់ស្តីពីការងារ និងសន្តិសុខសង្គមកាន់តែប្រសើរឡើង និងការគ្រប់គ្រងទីផ្សារការងារកាន់តែមានប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអគ្គនាយក ILO លោក Gilbert F. Houngbo (រូបថត៖TTXVN) |
នារសៀលថ្ងៃថ្ងៃទី ៣០ មិថុនា) នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយអគ្គនាយកនៃអង្គការពលកម្មអន្តរជាតិ (ILO) Gilbert F. Houngbo ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ វៀតណាមសម្រេចបានការវិវឌ្ឍជាក់ស្តែងនៅក្នុងលក្ខខណ្ឌនៃការងារ និងសហជីព ដោយប្រព័ន្ធច្បាប់ស្តីពីការងារ និងសន្តិសុខសង្គមកាន់តែប្រសើរឡើង និងការគ្រប់គ្រងទីផ្សារការងារកាន់តែមានប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមគាំទ្រគំនិតផ្តួចផ្តើមរបស់ ILO និងអង្គការសហប្រជាជាតិ; ស្នើថា ILO បន្តគាំទ្រវៀតណាមក្នុងការសិក្សាលទ្ធភាពចូលរួមគំនិតផ្តួចផ្តើមនានា តាមដំណើរការសមស្រប ដើម្បីសម្រេចបាននូវគោលដៅនៃយុត្តិធម៍ វឌ្ឍនភាពសង្គម ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករប្រកបដោយនិរន្តរភាព។ នាយករដ្ឋមន្ត្រីមានបំណងថា ILO នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើឱ្យប្រព័ន្ធច្បាប់ស្តីពីពលកម្មកាន់តែល្អ និងបន្តអនុវត្តគម្រោងបច្ចេកទេសជួយឧបត្ថម្ភវៀតណាម។
ចំណែកខ្លួនវិញ អគ្គនាយក ILO លោក Gilbert F. Houngbo បានសង្កត់ធ្ងន់ថា ILO និងអង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាគំរូនៃកិច្ចខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍សម្រាប់ប្រទេសផ្សេងទៀតសិក្សាតាម។ លោកជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍន៍ ដើម្បីមានប្រភពធនធានចំណាយបន្ថែមទៀតលើសន្តិសុខសង្គម។ ILO ប្តេជ្ញាបន្តជួយវៀតណាមលើគ្រប់បញ្ហាទាក់ទងនឹងពលករនិងការងារ; ស្នើថា វៀតណាមចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមរបស់ ILO ទាក់ទងនឹងពលករនិងការងារ។ មានបំណងចង់សហការជាមួយវៀតណាមដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ ILO និងអង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់ការងារជាសាកល៕