អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយបន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីនៅអ៊ុយក្រែន
(VOVWORLD) - អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោកបានឲ្យដឹងថាយ៉ាងហោចណាស់មាននុស្សចំនួន ១៦ ០០០ នាក់បានបាត់បង់ផ្ទះសម្បែង ប្រភពផ្គត់ផ្គង់ទឹកស្អាត និងបាត់បង់សុវត្ថិភាព ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតអាចប្រឈមនឹងហានិភ័យ។
ទំនប់វារីអគ្គិសនី Kakhovka នៅទីក្រុង Nova Kakhovka ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបាក់កាលពីថ្ងៃទី៦ ខែមិថុនា។ រូបថត៖ AFP/VNA |
នាថ្ងៃទី ៦ មិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា អង្គការនេះមិនមានព័ត៌មានឯករាជ្យណាមួយអំពីការបាក់ទំនប់វារីអគ្គិសនី Kakhovka នាថ្ងៃដដែលនៅភាគខាងត្បូងអ៊ុយក្រែននោះឡើយ ប៉ុន្តែបានពណ៌នាថា នេះគឺជា "ផលវិបាកដ៏អាក្រក់មួយ" នៃជម្លោះរុស្ស៊ី - អ៊ុយក្រែន។ អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោកបានឲ្យដឹងថាយ៉ាងហោចណាស់មាននុស្សចំនួន ១៦ ០០០ នាក់បានបាត់បង់ផ្ទះសម្បែង ប្រភពផ្គត់ផ្គង់ទឹកស្អាត និងបាត់បង់សុវត្ថិភាព ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតអាចប្រឈមនឹងហានិភ័យ។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិកំពុងសហការជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីបញ្ជូនទឹកបរិភោគនិងឧបករណ៍ចម្រោះទឹក។ ក្រៅពីនោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។
នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការវាយប្រហារលើទំនប់វារីអគ្គិសនីពោលខាងលើ តាមសំណើរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន។ ភាគីអ៊ុយក្រែនបានចោទរុស្ស៊ីថាបានបំផ្ទុះទំនប់ ខណៈក្រុងម៉ូស្គូបានចាត់ទុកថាទីក្រុងគៀវបានធ្វើការបាញ់ផ្លោងគឺជាមូលហេតុមួយបណ្ដាលឲ្យបាក់ទំនប់ផងដែរ៕