អង្គការសហប្រជាជាតិព្រមានពីហានិភ័យកើត​មាន​វិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅទ្វីប​​អឺរ៉ុប

(VOVWORLD) - នៅថ្ងៃទី ១ ខែមីនា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយឧបត្ថម្ភថវិកាចំនួន ២៥០ លានហ្វ្រង់ស្វីស (ស្មើរនឹង ២៧៣លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រជាជនរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន និងអ្នកដែលបានភៀសខ្លួនទៅកាន់បរទេស។
អង្គការសហប្រជាជាតិព្រមានពីហានិភ័យកើត​មាន​វិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅទ្វីប​​អឺរ៉ុប - ảnh 1ជនភៀសខ្លួនអ៊ុយក្រែននៅតំបន់ព្រំដែន Przemysl ប្រទេសប៉ូឡូញ ថ្ងៃទី  ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ THX/VNA)

បណ្តាញមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោកត្រូវមានថវិការទាំងនេះ ដើម្បីដោះស្រាយតម្រូវការជំនួយមនុស្សធម៌បន្ទាន់ ដែលកំពុងកើនឡើងពីមួយម៉ោងទៅមួយម៉ោង ដូចជាម្ហូបអាហារ ទឹកស្អាត ទីជម្រក វេជ្ជសាស្រ្ត និងជំនួយផ្លូវចិត្ត។

នាថ្ងៃដដែល តំណាងនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅអ៊ុយក្រែន លោកស្រី Karolina Lindholm Billing បានឲ្យដឹងថា ជម្លោះនៅអ៊ុយក្រែនបានបណ្តាលឲ្យប្រជាជនប្រមាណ ១ លាននាក់ ត្រូវផ្លាស់ទីលំនៅក្នុងប្រទេស ហើយប្រជាជនជាង ៦៦០.០០០ នាក់ទៀតត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកការជ្រកកោន។ ប្រឈមមុខនឹងស្ថានភាពនេះ លោកស្រី Billing បានសង្កត់ធ្ងន់ថា UNHCR កំពុងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សកម្មភាពជួយឧបត្ថម្ភទីជម្រក និងម្ហូបអាហារសម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវផ្លាស់ទីលំនៅក្នុងប្រទេស។

នៅថ្ងៃទី ១ ខែមីនានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្រមានពីវិបត្តិមនុស្សធម៌កំពុងកើនឡើងដោយសារតែការវិវឌ្ឍយោធានៅអ៊ុយក្រែន ដោយប៉ាន់ស្មានថា បរិមាណជនភៀសខ្លួនអាចកើនឡើងរហូតដល់រាប់លាននាក់ នៅពេលប្រជាជនចាកចេញពីគេហដ្ឋានរបស់ខ្លួន។ មេដឹកនាំអង់គ្លេសបានឲ្យដឹងថា ទីក្រុងឡុងដ៍នឹងផ្តល់ជំនួយមនុស្សធម៌និងជួយសង្គ្រោះបន្ទាន់រហូតដល់ ២២០ លានផោន (២៩៤,៦៩ លានដុល្លារ) សម្រាប់ប្រទេសអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ