អង្គការសហប្រជាជាតិលើកយន្តការទប់ស្កាត់ឧប្បត្តិហេតុទាក់ទងនឹងរុស្ស៊ី និងអ៊ុយក្រែន
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ១៣ មេសាបានឲ្យដឹងថា អង្គការសហប្រជាជាតិបានលើកសំណើរបង្កើតយន្តការសម្របសម្រួលគ្នាទប់ស្កាត់គ្រោះអាសន្នកើតមានឧប្បត្តិហេតុទាក់ទងនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ VNA) |
អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោកអគ្គលេខាធិការ Guterres បានលើកច្បាស់ថា អង្គការសហប្រជាជាតិបានលើកសំណើរបង្កើតយន្តការរួមមានរុស្ស៊ី អ៊ុយក្រែន អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ "សំដៅគ្រប់គ្រង និងទប់ស្កាត់ឧប្បត្តិហេតុដែលអាចកើតមាន"។
ទាក់ទងនឹងអ៊ុយក្រែន បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ុយក្រែនប្តូរប្រាក់ចំនួន ១ ម៉ឺន hryvnias (ប្រមាណ ៣១០ អឺរ៉ូ) ដោយឥតគិតថ្លៃទៅជារូបិយប័ណ្ណរបស់ប្រទេសសាមី។
ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានដាក់ជូន ដើម្បីបណ្ដាប្រទេសជាសមាជិកអនុម័ត។ តាមគម្រោង វិធានការណ៍នេះនឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែមេសាខាងមុខ សំដៅបង្កើនការគាំឧបត្ថម្ភដល់ជនភៀសខ្លួន។
គណៈកម្មការអឺរ៉ុប (EC) ក៏បានលើកសំណើរផ្ដល់ទឹកប្រាក់ចំនួន ៤០ អឺរ៉ូក្នុងមួយសប្តាហ៍ដល់ប្រជាជនអ៊ុយក្រែនម្នាក់ៗ ដែលបានជម្លៀសមកកាន់សហភាពអឺរ៉ុបក្នុងរយៈពេល ១៣ សប្តាហ៍។
ក្នុងពេលនោះ មជ្ឈមណ្ឌលជំនួយមនុស្សធម៌ ដែលមានឈ្មោះរបស់ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ព្រះនាម Salman បានឲ្យដឹងថា ព្រះមហាក្សត្រ Salman បានបញ្ជាឲ្យមជ្ឈមណ្ឌលនេះផ្តល់ជំនួយមនុស្សធម៌ និងវេជ្ជសាស្ត្រ ដែលមានតម្លៃ ១០ លានដុល្លារអាមេរិក ដល់ជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕