អាជ្ញាធរ EU បញ្ជាក់ថា ចាំបាច់ត្រូវរក្សាកិច្ចសន្ទនាជាមួយរុស្ស៊ី
(VOVWORLD) - នៅថ្ងៃទី ៣ ខែមីនា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានចាត់ទុកថា “ចាំបាច់ត្រូវរក្សាវិធានការសន្ទនា ឬយ៉ាងហោចណាស់គឺការផ្ទៀងស្តាប់ប្រសិនបើមិនជួបសន្ទនា" ជាមួយរុស្ស៊ី។
មន្ត្រីEUរូបនេះ បានឲ្យដឹងថា មានភាពប្រសើរឡើងយ៉ាងច្បាស់លាស់ក្នុងទំនាក់ទំនងការទូតជាមួយទីក្រុងម៉ូស្គូ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីរុស្ស៊ីលោក Sergei Lavrov មានជំនួបពិភាក្សាដ៏ខ្លីមួយនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០ នៅទីក្រុងញូវដេលី (ឥណ្ឌា)។
នាថ្ងៃដដែលនោះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា នឹងរក្សាការសន្ទនាជាមួយរុស្ស៊ីក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី។ សេចក្តីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង នៅថ្ងៃទី ២៤ ខែកុម្ភៈ បានបន្ថែមមុខទំនិញចំនួន ៧៤១ មុខទៅក្នុងបញ្ជីកំណត់ការនាំចេញទៅកាន់រុស្ស៊ី និងបេឡារុស្ស៕