អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែង
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានចាកចេញពីមន្ទីរពេទ្យប៉ូលីសទីក្រុងបាងកក បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៦ ខែ។ ការជាប់ពន្ធនាគាររយៈពេល ៦ ខែ ក៏ជាពេលដែលអតីតនាយករដ្ឋមន្ត្រីលោក Thaksin សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែលោកបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ អតីតនាយករដ្ឋមន្ត្រី Thaksin បានត្រឡប់មកផ្ទះវិញ នៅគេហដ្ឋាន Chan Song La ក្នុងសង្កាត់ Bang Phlat ទីក្រុងបាងកក នៅម៉ោងប្រហែល ៦៖៤០នាទីព្រឹកនេះ។ កម្លាំងប៉ូលីសសង្កាត់ Bang Phlat ត្រូវបានដាក់ពង្រាយដើម្បីជួយសម្រួលចរាចរណ៍ក្នុងបរិបទដែលមានប្រជាជននិងអ្នកសារព័ត៌មានរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្បែរផ្ទះរបស់លោក។
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានវិលត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
មុននោះ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី Thaksin ស្ថិតក្នុងចំណោមអ្នកទោសចំនួន ៩៣០ នាក់ដែលត្រូវបានដោះលែង និងអនុវត្តន៍ការព្យួរទោសពីចុងសប្តាហ៍នេះ។ លោក Thaksin គឺជាអ្នកទោសដែលមានអាយុលើសពី ៧០ឆ្នាំ មានជំងឺធ្ងន់ធ្ងរ ហើយបានជាប់ពន្ធនាគារពាក់កណ្តាលរយៈពេលនៃការកាត់ទោសជាប់ពន្ធនាគារ ១ ឆ្នាំ ដូច្នេះលោកមានសិទ្ធិទទួលបានការយល់ព្រមដើម្បីអនុវត្តន៍ការកាត់ទោសនៅខាងក្រៅពន្ធនាគារប្រពៃណី យោងតាមបទប្បញ្ញត្តិថ្មីរបស់ក្រសួងយុត្តិធម៌ថៃ៕