អ្នកនយោបាយឥណ្ឌា៖ គោលនយោបាយការបរទេសសកម្មរបស់វៀតណាមរួមចំណែកកំណត់រូបរាងអនាគតរបស់ប្រទេសជាតិ
(VOVWORLD) - ក្នុងបរិបទសកលដែលកាន់តែស្មុគស្មាញ ការដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានគូសបញ្ជាក់លើបញ្ហាអាទិភាពចំនួន ៥នៃកិច្ចការបរទេសរបស់វៀតណាម ក្នុងនោះ មានការបន្តលើកកំពស់ទំនាក់ទំនងការ ទូតពហុភាគី លើកកំពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តសំខាន់របស់វៀតណាមក្នុងការបង្កើនការចូលរួមជាសកល។
នេះជាការវាយតម្លៃរបស់លោក G. Devarajan អគ្គលេខាធិការនៃគណបក្ស AIFB (All India Forward Bloc) ដែលបានលើកឡើងនាពេលថ្មីៗនេះ។
យោងតាមលោក Devarajan រាល់អាទិភាពដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ដាក់ចេញ គឺសមស្របជាមួយនឹងផលប្រយោជន៍រយៈពេលវែងរបស់វៀតណាម។ ការបង្កើនការទូតពហុភាគី និងពង្រីកតួនាទីសកម្មក្នុងសហគមន៍អន្តរជាតិ នឹងរួមចំណែក លើកកំពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការទាក់ទាញការវិនិយោគពីបរទេស ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារថ្មីៗ; លើកកំពស់ឥទ្ធិពលរបស់វៀតណាម ជួយប្រទេសជាតិការពារផលប្រយោជន៍ជាតិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ហើយទន្ទឹមនឹងនោះ នាំមកឲ្យវៀតណាមនូវមូលដ្ឋានគ្រឹះសម្រាប់លើកកំពស់តម្លៃរបស់ខ្លួន រួមទាំងការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសក្នុងបរិបទនៃភាពតានតឹងនៅសមុទ្រខាងកើត។
លោក Devarajan បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសសកម្មរបស់វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់រូបរាងអនាគតរបស់វៀតណាមជាប្រទេស មានឥទ្ធិពល និងមានភាពធន់នៅក្នុងឆាកអន្តរជាតិ៕