អ្នកប្រាជ្ញអន្តរជាតិអំពាវនាវអោយសហគមន៍អន្តរជាតិឡើងសម្លេងអំពីសមុទ្រខាងកើត

(VOVWORLD) -  សិក្ខាសាលាប្រចាំឆ្នាំ លើកទី ៩ ស្តីពីសមុទ្រខាងកើត ប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែកក្កដា  នៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក បានទាក់ទាញអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវអន្តរជាតិជាច្រើនមកពីជុំវិញពិភព លោក។ មតិជាច្រើននៅខាងក្រៅនៃសិក្ខាសាលានេះ បានលើកឡើងថា សហគមន៍អន្តរជាតិគួរឡើងសម្លេងអំពីបម្រែបម្រួលនៅសមុទ្រខាងកើតផងដែរ។

អ្នកប្រាជ្ញអន្តរជាតិអំពាវនាវអោយសហគមន៍អន្តរជាតិឡើងសម្លេងអំពីសមុទ្រខាងកើត - ảnh 1សាស្រ្តាចារ្យ Kavi Chongkittavorn នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តនិងអន្តរ ជាតិនៃសាកលវិទ្យាល័យ Chulalongkorn របស់ថៃ 

ថ្លែងនៅខាងក្រៅសិក្ខាសាលានេះ អ្នកប្រាជ្ញជាច្រើនបានអះអាងថា ការស្ទង់ភូមិ សាស្ត្ររបស់ចិននៅក្នុងសមុទ្រខាងកើត ទាំងដែលខ្លួនគ្មានអធិបតេយ្យភាពទាល់ តែសោះ ថែមទាំងរារាំងសកម្មភាពអភិវឌ្ឍន៍ប្រេងនិងឧស្ម័ននៅឯនាយសមុទ្ររបស់បណ្តាប្រទេសដទៃទៀតនៅក្នុងសមុទ្រខាងកើត គឺរំលោភទៅលើអនុសញញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

លោក Anthony Nelson នាយកទទួលបន្ទុកបណ្តាបញ្ហាអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ Albright Stonebridge បានចាត់ទុកថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែមានសម្លេងយ៉ាងច្បាស់លាស់តែម្តង អំពីបញ្ហាសមុទ្រខាងកើត។ លោកបានមានប្រសាសន៍ថា៖ “អាស៊ានចាំបាច់ត្រូវដាក់ចេញនូវសេចក្តីសម្រេចចិត្តលើបញ្ហានេះ តើត្រូវបន្តអនុញ្ញាតអោយប្រទេសជាសមាជិកដែលគ្មានជម្លោះនៅសមុទ្រខាងកើត ប្រើសិទ្ធិជំទាស់វិញ លើបញ្ហាសំខាន់ៗដែរឬទេ? ម្យ៉ាងវិញទៀត  ក្រុមសមាជិកអាស៊ានមួយចំនួនអាចធ្វើសកម្មភាពរួមគ្នាបាន។ ឧទាហរណ៍ ប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីននិងវៀតណាម អាចធ្វើសកម្មភាពរួមគ្នា  ហើយប្រការនេះអាចមានប្រសិទ្ធភាពជាង ប្រសិនបើមានការជួយឧបត្ថម្ភរបស់ឥណ្ឌូនេស៊ី ជំនួសអោយការពឹងផ្អែកលើអាស៊ាន”។

ចំណែកឯសាស្រ្តាចារ្យ Kavi Chongkittavorn នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តនិងអន្តរ ជាតិនៃសាកលវិទ្យាល័យ Chulalongkorn របស់ថៃ បានចែករំលែកថា៖ “អាស៊ានចង់បានក្រមសីលធម៌ (COC) ដ៏ល្អមួយនៅសមុទ្រខាងកើត  ព្រោះថា នេះមិនត្រឹមតែជាបញ្ហារវាងប្រទេសចិននិងវៀតណាមនោះទេ។ ប្រសិនបើ យើងមានក្រមសីលធម៌ល្អមួយ ប្រទេសដទៃទៀតនឹងចង់សហការជាមួយអាស៊ាននិងចិនផង។ ម្យ៉ាងវិញទៀត យើងមិនចាំបាច់ប្រញាប់ប្រញាល់ដើម្បីសម្រេចអោយបាននូវក្រមសីលធម៌នោះទេ ប្រសិនបើសំណុំឯកសារនេះមិនទាន់ចងក្រងបានល្អនេះឯង។ ពោលគឺ នៅតែមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ”។

ក្នុងពេលជាមួយគ្នានោះ  លោក Gregory Poling នាយកនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីតម្លាភាពនាវាចរណ៍អាស៊ីបានចាត់ទុកថា សហគមន៍អន្តរជាតិគួរតែឡើងសម្លេងអំពីសកម្មភាពរបស់ចិននៅក្នុងសមុទ្រខាងកើត។ លោក Poling មានប្រសាសន៍ថា៖ “ខណៈពេលដែលមានតែអាមេរិកឡើងសម្លេងនោះ ទំនងជាចិននឹងសន្មត់ថា មានតែសហរដ្ឋអាមេរិកទេដែលកំពុងបង្ករឿងហេតុ។  ប្រសិនបើទាំងវៀត ណាម ម៉ាឡេស៊ីនិងហ្វីលីពីនវិញ អាចទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិលើបញ្ហានេះ ហើយអាចចាត់ទុកថា ជាជោគជ័យមួយផ្នែកក៏បានដែរ។ គួររំលឹក ថា នៅឆ្នាំ ២០១៥ និង ២០១៦ សហគមន៍អន្តរជាតិក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនរួចហើយ។ មូលហេតុដែលសហគមន៍អន្តរជាតិបញ្ឈប់ការយកចិត្តទុកដាក់គឺដោយសារតែ ប្រទេសហ្វីលីពីនបានឈប់និយាយអំពីបញ្ហាសមុទ្រខាងកើតតែម្តង។ ប្រការនេះគួរមានការផ្លាស់ប្តូរ ពីព្រោះមិនត្រឹមតែសហរដ្ឋ អាមេរិក ជប៉ុនឬអូស្ត្រាលីនោះទេ ថែមទាំងសហគមន៍អន្ដរជាតិទាំងមូល ត្រូវតែឡើងសម្លេងជាក់ជាពុំខាន”។

សូមគូសបញ្ជាក់ថា សិក្ខាសាលាស្តីពីសមុទ្រខាងកើត លើកទី ៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិ (CSIS) ត្រូវបានចាត់ទុកថាជាឱកាសមួយសម្រាប់អ្នកជំនាញ អ្នកប្រាជ្ញនិងអ្នកសារព័ត៌មានដើម្បីជួបពិភាក្សា ចំពោះបម្រែបម្រួលនានានៅសមុទ្រខាងកើត ក្នុងឆ្នាំកន្លងមក ជាពិសេស នៅក្នុងពេលថ្មីៗនេះ តែងតែកើតមានឡើងនូវសកម្មភាព រារាំងការធ្វើអាជីវកម្មប្រេងនិងឧស្ម័នរបស់បណ្តាប្រទេសនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ