អបអរសាទរខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - ឌៀនបៀនភូនៅលើអាកាស”
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ ទីក្រុងហាណូយបានសហការជាមួយក្រសួងការពារប្រទេសរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - ឌៀនបៀនភូនៅលើអាកាស” (ខែធ្នូ ១៩៧២-ខែធ្នូ ២០២២)។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - ឌៀនបៀនភូនៅលើអាកាស” (រូបថត៖ VOV) |
ក្នុងសុន្ទរកថាបើក លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានលើកច្បាស់ថា៖ យុទ្ធនាការ linebacker ទី២ របស់អាមេរិក បានវាយលុកទីក្រុងហាណូយ - ទីក្រុង Hai Phong និងខេត្តភាគខាងជើងក្នុងរយៈពេល ១២ ថ្ងៃ យប់ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៧២ ដែលជាការវាយលុកប្រមូលផ្តុំកងកម្លាំងធំបំផុតរបស់អាមេរិក តាំងពីសង្គ្រាមលោកលើកទី ២ ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B.52 រាប់រយគ្រឿង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការយោធាបក្សមជ្ឈិម ក្នុងរយៈពេល ១២ ថ្ងៃ និងយប់នៃការប្រយុទ្ធប្រកបដោយវីរភាព ឈ្លាសវៃនិងច្នៃប្រឌិត កងទ័ព និងប្រជាជននៃរដ្ឋធានីហាណូយ ទីក្រុង Hai Phong និងតំបន់ភាគខាងជើងមួយចំនួនបានកម្ចាត់ទាំងស្រុង នូវការវាយលុកយុទ្ធសាស្ត្រ តាមជើងអាកាសរបស់អាមេរិក។ ជ័យជំនះនេះបានត្រួសត្រាយផ្លូវដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី “ការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពនៅវៀត ណាម”។ ជ័យជំនះ “ហាណូយ - ឌៀនបៀនភូនៅលើអាកាស” គឺជាជ័យជំនះប្រកបដោយអត្ថន័យប្រវត្តិសាស្ត្រ និងសម័យកាលដ៏ជ្រាលជ្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសង្រ្គាមតស៊ូរបស់ប្រជាជាតិវៀតណាមប្រឆាំងនឹងអាមេរិកសង្គ្រោះប្រទេសជាតិទៅកាន់ជ័យជម្នះទាំងស្រុង។ លោក Dinh Tien Dung បានអះអាង ថា៖ “បក្សភាគ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធរដ្ឋធានី តែងតែទទួលមរតក និងពង្រីកនូវមេរៀនដ៏មានតម្លៃ នៃដំណើរការតស៊ូបដិវត្តន៍ ដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពប្រទេសជាតិ ក្នុងនោះមានមេរៀនបទពិសោធន៍ ដែលបូកបង្រួមពីការប្រយុទ្ធក្នុងរយៈពេល ១២ ថ្ងៃយប់ ឆ្នាំ ១៩៧២ ដើម្បីបង្កើតឡើងជ័យជំនះ “ហាណូយ - ឌៀនបៀនភូនៅលើអាកាស” អនុវត្តប្រកបដោយភាពច្នៃប្រឌិត បត់បែន និងអភិវឌ្ឍ សមស្របនឹងលក្ខខណ្ឌ និងកាលៈទេសៈបច្ចុប្បន្ន បំពេញតម្រូវការជាក់ស្តែង បម្រើបុព្វហេតុកសាងរដ្ឋធានី កសាងជាតិ និងការពារប្រទេសជាតិ”។
ចែករំលែកនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ Pham Tuan វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការរងកងទ័ពអាកាសបានមានប្រសាសន៍ ថា៖ “ជ័យជំនះហាណូយ-ឌៀនបៀនភូ លើអាកាសគឺជាជ័យជំនះដ៏អស្ចារ្យ វិសេស វិសាល និងបង្គប់គ្រប់លក្ខណៈទាំងលើវិស័យយោធា នយោបាយ ការទូត ដល់ផ្នែកយុទ្ធនាការ យុទ្ធវិធី និងបច្ចេកទេស បង្ហាញពីសមត្ថភាពដ៏មហិមារបស់កងទ័ពវៀតណាមដោយមានការសម្របសម្រួលរវាងកងកម្លាំងការពារដែនអាកាសនៃកងទ័ពទាំងបី បង្កើតឡើងកម្លាំងពលំដើម្បីការពារភាគខាងជើង ការពារដ្ឋធានី។ សព្វថ្ងៃនេះ ក្នុងបុព្វហេតុការពារមាតុភូមិសង្គមនិយម កងកម្លាំងការពារដែនអាកាសនៅតែជាកម្លាំងស្នូល ដែលត្រូវបានបក្ស រដ្ឋ គណៈកម្មាធិការយោធាបក្សមជ្ឈឹមបង្កើតឲ្យឈានទៅទំនើប ត្រៀមខ្លួនប្រយុទ្ធដោយគ្មានការភ្ញាក់ផ្អើល ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពណាមួយក៏ដោយ”។
ពិធីរំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ ហាណូយ - ឌៀនបៀនភូនៅលើអាកាសបានសម្តែងឡើងវិញនូវវីរភាព មនោសញ្ចេតនាអតីតកាល និងបន្ថែមមោទនភាព និងកម្លាំងដល់យុវជនជំនាន់ក្រោយ ដើម្បីបន្តប្រពៃណីរបស់ជីដូនជីតា ពង្រីកនូវសមិទ្ធិផលក្នុងវិស័យការពារនិងកសាងប្រទេសជាតិ៕