អភិបាលខេត្តបាលីរំពឹងថា វៀតណាមនឹងជួយស្ដារឡើងវិញកោះឋានសួគ៌ទេសចរណ៍របស់ឥណ្ឌូនេស៊ី
(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong សង្ឃឹមថា កោះបាលីនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីបើកជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ជួបធ្វើការជាមួយអភិបាលខេត្ត Bali លោក Wayan Koster។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងសម័យធ្វើការជាមួយអភិបាលខេត្តបាលី លោក Wayan Koster និងអភិបាលរងខេត្តបាលី លោក Cok Ace ក្នុងឱកាសនៃមហាសន្និបាតលើកទី១៤៤ នៃសហភាពអន្តរសភា (IPU) ដែលបានប្រព្រឹត្តទៅនៅកោះបាលីកាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong សង្ឃឹមថា កោះបាលីនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីបើកជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួនឯកអគ្គរដ្ឋទូតនឹងបន្តលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-ឥណ្ឌូនេស៊ីឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាង។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong និងអភិបាលរងខេត្តបាលីលោក Cok Ace។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អភិបាលខេត្តបាលី លោក Wayan Koster បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយឧបត្ថម្ភកោះបាលីក្នុងការស្តារឡើងវិញវិស័យទេសចរណ៍។ ខណៈពេលដែលអភិបាលរងខេត្តបាលី លោក Cok Ace បានសង្ឃឹមថា វៀតណាមអាចបើកស្ថានកុងស៊ុលនៅកោះបាលី ដើម្បីជួយគាំទ្រនិងជំរុញភ្ញៀវទេសចរវៀតណាមនៅកោះបាលី។ អភិបាលខេត្ត លោក Wayan Koster បានយល់ព្រម ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនតាមរយៈវិធានការជាក់លាក់ដូចជា ការបង្កើតគំរូមូលដ្ឋានចងសម្ព័ន្ធមេត្រីភាព; ហើយលោកបានអះអាងថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយដល់សហគមន៍បង្កើតសមាគមមួយនៅកោះបាលី ដោយស្របតាមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសសាមី៕