អភិវឌ្ឍន៍ទីក្រុងឆ្លាតដើម្បីលើកកម្ពស់លក្ខណៈប្រកួតប្រជែងថ្នាក់ជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំពេញអង្គ នៃវេទិកាជាន់ខ្ពស់ ស្តីពីទីក្រុងឆ្លាតអាស៊ាន ២០២០។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិនៅវេទិកានេះ ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តីវៀតណាមចង់ឲ្យសមាជិកអាស៊ានទាំងអស់ លើកកម្ពស់ស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្ត និងរួមដៃគ្នាអនុវត្តល្អ រាល់អាទិភាពរបស់អាស៊ាន ២០២០ ធ្វើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយជោគជ័យនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន។
ក្នុងនាមជាសមាជិកសកម្មនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន វៀតណាមមានគោលនយោបាយជាច្រើន ហើយកំពុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទីក្រុងឆ្លាត ដោយចាត់ទុកទីក្រុងឆ្លាត ជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចទាំងបី ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិនៃបដិវត្តឧស្សាហកម្មទី ៤។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាន៍ថា៖ “វៀតណាមកំណត់ការអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាតនិងប្រកបដោយចីរភាពជាទិសដៅដែលមានចរិតលក្ខណៈលោតផ្លោះ ដើម្បីរួមចំណែកលើកកម្ពស់លក្ខណៈប្រកួតប្រជែងថ្នាក់ជាតិ។ ដើម្បីសម្រេចបានការអភិវឌ្ឍទីក្រុងឆ្លាត គឺត្រូវភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន កសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ក្នុងដំណើរបដិវត្តបច្ចេកវិទ្យា ៤.០ និងដំណើរការអភិវឌ្ឍន៍ទីក្រុងនៅវៀតណាម”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅទស្សនាការតាំងពិព័រណ៍គំរូនិងបច្ចេកវិទ្យាគរូ សម្រាប់ទីក្រុងឆ្លាត (រូបថត៖ VGP) |
ចំពោះទីក្រុងនានារបស់វៀតណាម លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្នែកសំណង់មូលដ្ឋាន និងអង្គភាពអាជីវកម្ម ជាពិសេសសហគ្រាសបច្ចេកវិទ្យា ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីកសាងទីក្រុងឆ្លាតប្រកបដោយសន្សំសំចៃ មានប្រសិទ្ធភាព និងឆ្ពោះទៅបម្រើប្រជាជន។
នៅខាងក្រៅវេទិកា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅទស្សនាការតាំងពិព័រណ៍គំរូនិងបច្ចេកវិទ្យាគរូ សម្រាប់ទីក្រុងឆ្លាត ដោយមានការចូលរួមពីសហគ្រាសក្នុងប្រទេសនិងអន្តរជាតិផងដែរ៕