អាមេរិកចង់ឱ្យធុរកិច្ចវៀតណាមចូលរួមកិច្ចប្រជុំកំពូលវិនិយោគ SelectUSA លើកទី ១០ ឆ្នាំ ២០២៤
(VOVWORLD) - នៅមុនកិច្ចប្រជុំកំពូលវិនិយោគ SelectUSA លើកទី ១០ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E.Knapper បានឲ្យដឹងថា អាមេរិកមានបំណងចង់ឱ្យធុរកិច្ចវៀតណាមចូលរួមកិច្ចប្រជុំនេះ។
យោងតាមឯកអគ្គរដ្ឋទូត Knapper កិច្ចប្រជុំឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣- ២៦ ខែមិថុនានៅទីក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពីការបង្កើតមក កិច្ចប្រជុំកំពូលវិនិយោគប្រចាំឆ្នាំបានទាក់ទាញក្រុមហ៊ុនអន្តរជាតិរាប់ពាន់ក្រុមហ៊ុន ហើយបង្កើតបានទុនជាង ៩៨ពាន់លានដុល្លារអាមេរិកពីបណ្តាគម្រោងវិនិយោគថ្មីៗតាមរយៈវេទិកា "ច្រកទ្វារតែមួយ" - តភ្ជាប់ក្រុមហ៊ុននិងវិនិយោគិនបរទេស ជាមួយអង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅក្នុងរដ្ឋទាំង៥០ នៅទូទាំងសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E.Knapper នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ ស្ថានទូតអាមេរិក |
លោក Stephen Green ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានចាត់ទុកថា សហរដ្ឋអាមេរិកគឺជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោក និងជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនវៀតណាមណាមួយដែលមានបំណងចង់ឈានទៅរកទីផ្សារសកល។ យោងតាមលោក Stephen Green ផងដែរ ក្នុងអំឡុងពេល ៤ ថ្ងៃនៃកិច្ចប្រជុំកំពូលវិនិយោគ SelectUSA ក្រុមហ៊ុន និងធុរកិច្ចអន្តរជាតិ រួមទាំងវៀតណាមអាចតភ្ជាប់និងអនុវត្តនីតិវិធីជំរុញពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។
នាថ្ងៃទី ១២ ខែមីនា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានឱ្យដឹងដែរថា នៅសប្តាហ៍ខាងមុខ (១៨-២១ មីនា) គណៈប្រតិភូមួយក្រុម រួមមានធុរកិច្ចអាមេរិកឈានមុខគេចំនួន ៥០ នឹងមកកាន់វៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗជាច្រើន ដូចជា៖ បច្ចេកវិទ្យា ថាមពល អាកាសចរណ៍ ការពារជាតិ សេវាហិរញ្ញវត្ថុ ការថែទាំសុខភាព និងកសិកម្ម៕