អាមេរិកនិងរុស្ស៊ីនៅតែខ្វែងគំនិតគ្នាលើបញ្ហាអ៊ុយក្រែន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី ១៧ ខែកុម្ភៈ បានដាស់តឿនរុស្ស៊ី ឱ្យដកកងទ័ពរបស់ខ្លួនចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែន ហើយបានស្នើឱ្យទីក្រុងម៉ូស្គូនាំចេញសេចក្តីប្រកាសថា ខ្លួនមិនមានគម្រោងវាយប្រហារទៅលើប្រទេសជិតខាងនេះទេ។
ទាហានរុ្សស៊ីក្នុងសមយុទ្ធនៅតំបន់ Volgograd ភាគខាងត្បូងប្រទេសរុស្ស៊ី។(រូបថត៖AFP/TTXVN)
|
ថ្លែងមតិក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ទាក់ទងនឹងជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានសង្កត់ធ្ងន់ថា “ប្រសិនបើរុស្ស៊ីស្វែងរកសន្តិភាព ថ្ងៃនេះ រដ្ឋាភិបាលរុស្ស៊ីអាចប្រកាសយ៉ាងច្បាស់លាស់ថា រុស្ស៊ីនឹងមិនវាយប្រហារទៅលើអ៊ុយក្រែននោះទេ”។
លោក Blinken ក៏បានព្រមានថា កងកម្លាំងរុស្ស៊ីកំពុងត្រៀមរៀបចំ ដើម្បីបើកការវាយប្រហារទៅលើអ៊ុយក្រែន “នាប៉ុន្មានថ្ងៃខាងមុខនេះ”។
ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Vershinin បានបដិសេធការចោទប្រកាន់របស់លោក Blinken ដោយចាត់ទុកថា សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីអាមេរិកជាទង្វើ “គួរឱ្យសោកស្ដាយ” និង "ប្រកបដោយគ្រោះថ្នាក់" ហើយមានហានិភ័យនឹង "ចាក់ប្រេងបន្ថែមលើភ្លើង" ក្នុងស្ថានភាពតានតឹងនាបច្ចុប្បន្ន។ លោក Vershinin បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅតែស្ថិតនៅលើទឹកដីរុស្ស៊ី ហើយអង្គភាពមួយចំនួនបានដកខ្លួនទៅកាន់មូលដ្ឋានវិញហើយ បន្ទាប់ពីធ្វើសមយុទ្ធ៕