អាមេរិក​និង​រុស្ស៊ី​នៅ​តែ​បើក​ចំហ​​សម្រាប់​កិច្ចសន្ទនា​​ស្តីពី​អ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា ច្រកទ្វារសម្រាប់កិច្ចសន្ទនានៅតែបើកចំហរ ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ីក្នុងបញ្ហានៅអ៊ុយក្រែន។
អាមេរិក​និង​រុស្ស៊ី​នៅ​តែ​បើក​ចំហ​​សម្រាប់​កិច្ចសន្ទនា​​ស្តីពី​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិបន្ទាប់ពីកិច្ចសន្ទនាកាលពីថ្ងៃទី១២ ខែកុម្ភៈ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក លោក Antony Blinken បានឲ្យដឹងថា មធ្យោបាយសម្រាប់រុស្ស៊ីដើម្បីបង្ហាញគោលបំណងចង់បន្តកិច្ចសន្ទនាគឺសាមញ្ញណាស់ ពួកគេគ្រាន់តែត្រូវកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះ។

មុននោះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថា អាមេរិកនៅតែត្រៀមខ្លួនជាស្រេច ជ្រើសរើសផ្លូវការទូត នៅពេលកំពុងរៀបចំសម្រាប់ជម្រើសផ្សេងទៀត។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីលោក Putin ក៏បានយល់ព្រមបន្តកិច្ចសន្ទនា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមិនទាន់មើលឃើញពីភាពសកម្មរបស់លោកខាងលិច ក្នុងការដាស់តឿនអ៊ុយក្រែនឱ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានចាត់ទុកថា ជាទិសដៅដែលអាចអនុវត្តបានសម្រាប់វិបត្តិនៅអ៊ុយក្រែននាបច្ចុប្បន្ន ។ កិច្ចព្រមព្រៀងនេះ ត្រូវបានក្រុមប្រទេសចតុភាគី Normandy រួមមានរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ ចុះហត្ថលេខាកាលពីឆ្នាំ ២០១៥  ដើម្បីដោះស្រាយជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ក៏បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល ៥០ នាទីជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky អំពីស្ថានភាពតានតឹងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ភាគីទាំងពីរបានឯកភាពគ្នា លើសារៈសំខាន់នៃការប្រដេញតាម "វិធានការការទូត និងការគំរាមគំហែង" ក្នុងបញ្ហានេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ