អាមេរិកនិងហ្វីលីពីន បន្តជាសម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិបុលភាព

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ១ ខែឧសភា បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅឯសេតវិមាន។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជំនួបនេះ។
អាមេរិកនិងហ្វីលីពីន បន្តជាសម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិបុលភាព - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅឯសេតវិមាន។ រូបថត៖ Reuters

សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា អាមេរិកនិងហ្វីលីពីននឹងបន្តជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិបុលភាព ការវិនិយោគនិងការផ្លាស់ប្តូរថាមពលស្អាត ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រក្សាសន្តិភាពនិងស្ថិរភាពអន្តរជាតិ ធានាការគោរពសិទ្ធិមនុស្សនិងគោរពច្បាប់។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញារបស់ប្រទេសទាំងពីរចំពោះសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាសារៈសំខាន់នៃសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនានាក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា សាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលគឺសមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); ហើយបានអះអាងសារជាថ្មីពីសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយចាត់ទុកថា នេះជាកត្តាមិនអាចខ្វះបាននៃសន្តិសុខនិងវិបុលភាពសកល។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានស្វាគមន៍ការប្តេជ្ញារបស់ក្រុមចតុភាគី ដែលគាំទ្រតំបន់មួយដោយផ្អែកលើច្បាប់សន្តិភាពនិងស្ថិរភាពជាមួយអាស៊ានជាមជ្ឈភាព តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមនេះដើម្បីជំរុញមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ