អាមេរិកនៅតែប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាលើគោកដ៏ធំមួយនៅក្នុងទីក្រុង Rafah
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ១២ ខែឧសភា បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រី Antony Blinken បានអះអាងពីការសន្យារបស់អាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែលនិងគោលដៅរួមគឺកំទេចចោលកងកម្លាំងហាម៉ាស។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់សារជាថ្មីថា អាមេរិកប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាលើគោកដ៏ធំមួយនៅក្នុងទីក្រុង Rafah ជាទី ជ្រកកោនរបស់មនុស្សជាង ១លាននាក់។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារជនស៊ីវិលនិងបុគ្គលិកមនុស្សធម៌នៅតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលធានាថា ជំនួយនឹងត្រូវបានដឹកជញ្ជូននិងបែងចែកនៅក្នុងតំបន់ហ្គាហ្សា។
នាថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ច្រកព្រំដែន West Erez ត្រូវបានបើកនៅក្នុងតំបន់រវាងអ៊ីស្រាអែល និងភាគខាងជើងតំបន់ហ្គាហ្សា ដើម្បីផ្តល់ជំនួយមនុស្សធម៌។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានក្នុងខេត្តស៊ីណៃខាងជើងរបស់ប្រទេសអេហ្ស៊ីបបានឲ្យដឹងថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងមក ប្រទេសអេហ្ស៊ីបបានទទួលយន្តហោះសរុបចំនួន ៦២៣ គ្រឿងដឹកជំនួយអន្តរជាតិមកកាន់តំបន់ហ្គាហ្សា។ យន្តហោះដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Arish របស់ប្រទេសអេហ្ស៊ីប ដោយដឹកទំនិញសរុបចំនួន ២២.០០០ តោន រួមមានគ្រឿងបរិក្ខារពេទ្យនិងសម្ភារៈចាំបាច់ដែលបានបរិច្ចាគពីប្រទេស និងអង្គការអន្តរជាតិចំនួន៥០៕