អាមេរិកបញ្ជាក់ជាថ្មីនូវទស្សនៈថា នឹងវាយតម្លៃលើក្រុមតាលីបង់ដោយផ្អែកលើសកម្មភាពជាក់ស្តែង
(VOVWORLD) - នៅថ្ងៃទី១០ ខែតុលា អាមេរិកបានប្រកាសថា កិច្ចពិភាក្សាក្នុងក្របខ័ណ្ឌជំនួបផ្ទាល់មុខលើកដំបូងជាមួយតាលីបង់ ចាប់តាំងពីពេលចលនាអ៊ីស្លាមនេះបានកាន់កាប់អាហ្វហ្គានីស្ថានកាលពីខែសីហា បានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់និងមានវិជ្ជាជីវៈ។
កងកម្លាំងតាលីបង់ធ្វើការស៊ើបអង្កេតនៅទីតាំងនៃបំណែកយន្តហោះបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើវិហារអ៊ីស្លាមមួយនៅខេត្ត Kunduz ភាគឥសាន ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី ៨ ខែតុលា (រូបថត៖ THX/TTXVN) |
ក៏ប៉ុន្តែអាមេរិកបានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់ខ្លួនថា នឹងវាយតម្លៃលើក្រុមតាលីបង់ដោយផ្អែកលើសកម្មភាពជាក់ស្តែង មិនត្រឹមតែនៅលើពាក្យសំដីប៉ុណ្ណោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា គណៈប្រតិភូអាមេរិកដែលចូលរួមក្នុងការចរចានៅទីក្រុងដូហា (កាតា) បានផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនិងភេរវកម្ម ច្រករបៀងសុវត្ថិភាពសម្រាប់ពលរដ្ឋអាមេរិក ពលរដ្ឋនៃប្រទេសផ្សេងទៀតនិងប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ជាពិសេសការចូលរួមរបស់ស្ត្រីនិងកុមារី ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមអាហ្វហ្គានីស្ថាន។
ភាគីទាំងពីរក៏បានពិភាក្សាអំពី ការផ្គត់ផ្គង់ជំនួយមនុស្សធម៌របស់អាមេរិកដល់ប្រជាជនអាហ្វ ហ្គានីស្ថានផងដែរ។ ក្នុងពេលជាមួយគ្នានោះ បណ្តាញទូរទស្សន៍ Al Jazeera បានរាយការណ៍ថា គណៈ ប្រតិភូតាលីបង់បានប្រកាសថាកិច្ចពិភាក្សាជាមួយតំណាងអាមេរិកនៅរដ្ឋធានីដូហាប្រទេសកាតា បានប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព៕