អាមេរិកបានប្រកាសជាផ្លូវការ ហាមឃាត់ការនាំចូលប្រេងរ៉ែពីរុស្ស៊ី
(VOVWORLD) - នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី ៨ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសជាផ្លូវការ អំពីការហាមឃាត់ការនាំចូលប្រេងរ៉ែពីរុស្ស៊ី ក្នុងបរិបទដែលទីក្រុងម៉ូស្គូ កំពុងអនុវត្តប្រតិបត្តិការយោធាពិសេស នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
រោងចក្រចម្រាញ់ប្រេងនៅជិតទន្លេ Irtysh ទីក្រុង Omsk ភាគនិរតីស៊ីបេរី ប្រទេសរុស្ស៊ី។ (រូបថត៖ Nsenergy Business/ TTXVN ) |
មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នឹងបង្កើនឥទ្ធិពលនៃប្រតិបត្តិការយោធាចំពោះសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីពិភពលោកបានជួបប្រទះនឹងកង្វះការផ្គត់ផ្គង់ និងការកើនឡើងតម្លៃដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ តម្លៃប្រេងសាំងនៅអាមេរិកបានឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រា ដែលបង្កើនអតិផរណាឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។
ភ្លាមៗបន្ទាប់ពីការសម្រេចចិត្តរបស់អាមេរិក នាថ្ងៃដដែលនោះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ប្រទេសនេះនឹងបញ្ឈប់ការនាំចូលប្រេងរ៉ែ និងផលិតផលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ។
នៅថ្ងៃទី៨ ខែមីនានេះដែរ គណៈកម្មការអឺរ៉ុប (EC) បានប្រកាសពីផែនការកាត់បន្ថយ ២/៣ នៃបរិមាណឧស្ម័នដែលសហភាពអឺរ៉ុប (EU) នាំចូលពីរុស្ស៊ីនៅឆ្នាំ២០២២នេះ និងបញ្ចប់ការពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រុស្ស៊ី "មុនឆ្នាំ ២០៣០"៕