អាមេរិក និង EU រៀបចំកិច្ចសន្ទនាផ្នែកសន្តិសុខនិងការពារជាតិ
(VOVWORLD) - សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១ ខែធ្នូ បានបើកកិច្ចសន្ទនាសន្តិសុខ និងការពារជាតិលើកទីពីរ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
កិច្ចសន្ទនានេះបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូយូរអង្វែងនិងការសន្យារួមរបស់ភាគីទាំងពីរ ចំពោះសន្តិសុខអន្តរអាត្លង់ទិក ក៏ដូចជាការប្រឈមមុខនឹងបញ្ហាសន្តិសុខរួម ដោយឈរលើមូលដ្ឋាននៃតម្លៃ និងផលប្រយោជន៍ស្រដៀងគ្នា។ អាជ្ញាធរសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមក លើក្របខ័ណ្ឌគោលនយោបាយសន្តិសុខ និងការពារជាតិរៀងៗខ្លួន ហើយបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរដ្ឋបាលដែលសម្រេចបានក្នុងឆ្នាំ២០២៣នេះ រវាងទីភ្នាក់ងារការពារជាតិអឺរ៉ុប និងក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការប្តេជ្ញារួមលើបញ្ហាមួយចំនួនរួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងការគាំទ្រអ៊ុយក្រែន; បង្កើនការវិនិយោគលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការនៃឧស្សាហកម្មការពារជាតិនិងសន្តិសុខនៅតំបន់ Balkan ខាងលិច និងអាហ្វ្រិក ទន្ទឹមនឹងនោះ បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងអន្តរអាត្លង់ទិករវាងភាគីទាំងពីរ៕