អ៊ុយក្រែនបានទទួលជំនួយមូលធនជាង ១ ពាន់លានដុល្លារពី WB
(VOVWORLD) - ប្រទេសអ៊ុយក្រែនទើបទទួលបានមូលធន ១,៣៤ ពាន់លានដុល្លារអាមេរិកពីគម្រោងគាំទ្រការចំណាយសាធារណៈរបស់ធនាគារពិភពលោក (WB) ដើម្បីពង្រឹងសមត្ថភាពអភិបាលកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនេះ។
ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN |
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ២៥ ខែធ្នូ របស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសអ៊ុយក្រែន កញ្ចប់ជំនួយហិរញ្ញវត្ថុខាងលើរួមមានប្រាក់កម្ចីជាង ១ ពាន់លានដុល្លារពី WB ជំនួយឥតសំណងចំនួន ១៩០ លានដុល្លារពីប្រទេសន័រវេស ៥០ លានដុល្លារពីសហរដ្ឋអាមេរិក និង ២០ លានដុល្លារពីប្រទេសស្វីស។ ដើមទុននេះនឹងត្រូវបានប្រើប្រាស់ដើម្បីទូទាត់ការចំណាយដែលមិនទាក់ទងទៅនឹងវិស័យការពារជាតិនិងសន្តិសុខនៅក្នុងថវិកាជាតិរបស់អ៊ុយក្រែន រួមទាំងការចំណាយសង្គមសម្រាប់មនុស្សចាស់ជរា និងការបង់ប្រាក់ដល់បុគ្គលិកសេវាសង្គ្រោះបន្ទាន់ផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhiy Marchenko បានស្វាគមន៍ការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការនិងសហគមន៍អន្តរជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រទេសនេះ រក្សាស្ថិរភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផ្តល់អាទិភាពដល់ការចំណាយសង្គមក្នុងបរិបទដែលជម្លោះនៅតែបន្ត៕