អ៊ីរ៉ង់កោះហៅតំណាងនៃប្រទេសស៊ុយអែត និងដាណឺម៉ាក ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពប្រមាថគម្ពីរកូរ៉ាន
(VOVWORLD) - ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា រដ្ឋាភិបាលស៊ុយអែត និងដាណឺម៉ាក ត្រូវទទួលខុសត្រូវចំពោះទង្វើប្រមាថគម្ពីរកូរ៉ាននៅក្នុងប្រទេសទាំងពីរនេះ។
មនុស្សម្នាតវ៉ាប្រឆាំងនឹងការប្រមាថព្រះគម្ពីរកូរ៉ាន។ រូបថត៖ AFP/VNA |
កាលពីម្សិលមិញ (ថ្ងៃទី ២០ ខែសីហា) ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់បានរាយការណ៍ថា ក្រសួងការបរទេសនៃប្រទេសនេះបានកោះហៅភារៈធារីរបស់ប្រទេសស៊ុយអែត និងដាណឺម៉ាកប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីប្រឆាំងជំទាស់ទង្វើ "ប្រមាថ" គម្ពីរកូរ៉ាននៅប្រទេសទាំងអឺរ៉ុបខាងជើងទាំងពីរនេះ។ ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា រដ្ឋាភិបាលស៊ុយអែត និងដាណឺម៉ាក ត្រូវទទួលខុសត្រូវចំពោះទង្វើប្រមាថគម្ពីរកូរ៉ាននៅក្នុងប្រទេសទាំងពីរនេះ។
កាលពីខែកក្កដាកន្លងទៅ អ៊ីរ៉ង់ក៏បានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែត និងដាណឺម៉ាកប្រចាំនៅទីក្រុងតេអេរ៉ង់ លើបញ្ហាស្រដៀងគ្នានេះដែរ ព្រមទាំងបានអំពាវនាវឲ្យប្រទេសទាំងពីរចាត់វិធានការទប់ស្កាត់កុំឲ្យមានហេតុការណ៍កើតឡើងម្តងទៀត។ នាពេលថ្មីៗនេះ បាតុកម្មជាច្រើនបានកើតឡើងនៅប្រទេសដាណឺម៉ាក និងស៊ុយអែត ដែលក្នុងនោះក្រុមបាតុករបានដុត ឬប្រមាថច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ដែលបង្កឱ្យមានរលកប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានៅតាមប្រទេសឥស្លាម រួមទាំងអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះទប់ស្កាត់ការប្រមាថគម្ពីរកូរ៉ានផងដែរ៕