អ៊ីរ៉ង់បើកស្ថានទូតឡើងវិញនៅអារ៉ាប៊ីសាអូឌីត
(VOVWORLD) - នៅថ្ងៃទី៦ មិថុនា ប្រទេសអ៊ីរ៉ង់បានបើកស្ថានទូតឡើងវិញនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រភពការទូតនៅអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ពិធីបើកស្ថានទូតអ៊ីរ៉ង់ឡើងវិញនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៦យប់ (ម៉ោងក្នុងតំបន់) ដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដែលទើបតែងតាំងថ្មី។
ស្ថានទូតអ៊ីរ៉ង់នៅអារ៉ាប៊ីសាអូឌីត។ រូបថត៖ AFP |
កាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន Mizan បានរាយការណ៍ថា អ៊ីរ៉ង់បានតែងតាំង លោក Alireza Enayati ជាឯកអគ្គរដ្ឋទូតប្រចាំនៅអារ៉ាប៊ីសាអូឌីត។ ភាគីអារ៉ាប៊ីសាអូឌីត មិនទាន់បានប្រកាសពីពេលវេលាបើកស្ថានទូតឡើងវិញក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជាអ្នកដែលនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅសាធារណរដ្ឋអ៊ីស្លាមនេះនៅឡើយទេ។
ទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតរងការអាក់ខាននៅឆ្នាំ ២០១៦ បន្ទាប់ពីក្រុមបាតុករអ៊ីរ៉ង់បានវាយប្រហារទៅលើទីស្នាក់ការនៃបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការដែលទីក្រុងរីយ៉ាដ បានប្រហារជីវិតបព្វជិតមូស្លីមនិកាយ Shi'ite លោក Nimr al-Nimr ។ ប្រទេសទាំងពីរក៏មានការខ្វែងគំនិតគ្នាជុំវិញជម្លោះនៅប្រទេសស៊ីរី និងយេម៉ែនផងដែរ។ កាលពីថ្ងៃទី១០ ខែមីនា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការ បើកស្ថានទូតនិងស្ថាប័នតំណាងឡើងវិញឱ្យបានឆាប់ ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ដែលបានចុះហត្ថលេខាជាង ២០ឆ្នាំមុន៕