អ៊ីរ៉ង់បង្ហាញទស្សនៈចំពោះការចរចានុយក្លេអ៊ែរ
(VOVWORLD) - នៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានឲ្យដឹងថា ការពិភាក្សារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក សំដៅស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងឈានទៅដល់កិច្ចព្រមព្រៀងដ៏ល្អមួយ ប៉ុន្តែការឈានដល់កិច្ចព្រមព្រៀងឲ្យបានឆាប់ៗគឺផ្អែកលើភាគីដែលនៅសេសសល់។
គណៈប្រតិភូចូលរួមវង់ចរចាដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន អូទ្រីស ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)
|
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់លោក Hossein Amir Abdollahian ដោយបានអះយអាងថា ការចរចានាពេលថ្មីៗនេះ បានដើរតាមទិសដៅដ៏ត្រឹមត្រូវ។ អ៊ីរ៉ង់មិនចង់អូសបន្លាយការចរចានោះទេ។
ការចរចារដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឬបានហៅថា ជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) បានចាប់ផ្ដើមឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីត្រូវបានផ្អាកកាលពីខែមិថុនា ឆ្នាំ ២០២១ នៅពេលដែលអ៊ីរ៉ង់បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី។ យោងតាម JCPOA វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានដកចេញជាថ្នូរនឹងការដែលអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ ២០១៨ ដែលបណ្តាលឱ្យអ៊ីរ៉ង់ដកការប្តេជ្ញាចិត្តលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕