អៀរឡង់ គាំទ្រ EC ឆាប់ដក "កាតលឿង" IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអៀរឡង់ នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងការពារជាតិអៀរឡង់ លោក Micheál Martin។

អៀរឡង់ គាំទ្រ EC ឆាប់ដក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ លោក Micheál Martin  ស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son នៅទីស្នាក់ការក្រសួងការបរទេសអៀរឡង់ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូនិងការជួប ប្រាស្រ័យលើគ្រប់កម្រិត បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសភា ការដាក់ពង្រាយយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពង្រឹងការសម្របសម្រួល  និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ - យន្តការសហប្រតិបត្តិកាrអាស៊ាន - សហភាពអឺរ៉ុប។ លោក Micheál Martin សង្ឃឹមថា វៀតណាមនឹងបើកស្ថានទូតក្នុងប្រទេសអៀរឡង់ក្នុងពេលឆាប់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំង។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយទាញយកផលប្រយោជន៍ពេញលេញដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ ជាមួយគ្នានោះ ភាគីអៀរឡង់បានអះអាងថា នឹងពិចារណាលើសំណើរបស់វៀតណាម ដើម្បីពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក "កាតលឿង"  IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក៏ដូចជាបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីទិដ្ឋាការចូល ព្រមទាំងផ្លាស់ប្តូរលទ្ធភាពសហប្រតិបត្តិការលើវិស័យថ្មីៗ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ឯកភាពគាំទ្រពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី និងសមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហរធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ រួមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ