អាស៊ានរួមគ្នាធ្វើសកម្មភាពឆ្លើយតបនឹងរាល់បញ្ហាអំពីបរិស្ថាន
(VOVWORLD) - រដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ានកំពុងឆ្ពោះទៅគោលដៅការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កសាងទីក្រុងឆ្លាតវៃ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
អាស៊ានរួមគ្នាធ្វើសកម្មភាពឆ្លើយតបនឹងរាល់បញ្ហាអំពីបរិស្ថាន |
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិងកំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺកូវីដ-១៩ សំដៅឆ្លើយតបនឹងការគំរាមកំហែងពីខាងក្រៅដូចជា៖ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិបានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។ អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីបរិស្ថាន លើកទី៣៣ និងសន្និសីទពាក់ព័ន្ធនានាកាលពីថ្ងៃទី៥ ខែតុលា នៅខេត្តសៀមរាប ប្រទេសកម្ពុជា លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ កម្ពុជានិងបណ្តាប្រទេសអាស៊ានកំពុងបង្កើនកិច្ចសហប្រតិបត្តិការសំដៅដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងនៅលើពិភពលោកដោយប្រធានបទ៖ “អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈម”។ រដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ានកំពុងឆ្ពោះទៅគោលដៅការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កសាងទីក្រុងឆ្លាតវៃ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ នាពេលខាងមុខ ការងារបរិស្ថាននឹងផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួន ៧ គឺ៖ ការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានឆ្នេរសមុទ្រ ទីក្រុងប្រកបដោយនិរន្តរភាព ការគ្រប់គ្រងជាតិគីមី និងធនធានទឹក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ៕