អាស៊ាន - ចិនបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីនៅតែកើនខ្លាំងទោះបីជាជំងឺរាតត្បាតកំពុងឆ្លងរាលដាលក៏ដោយ
(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានសម្តែងការអបអរសាទរចំពោះការដែលវិស័យពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។
ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ TTXVN) |
យោងតាមសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចពិគ្រោះយោបល់របស់ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - ចិនលើកទី ១៩ ដែលបានប្រារព្ធតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគ សំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាទទួលស្គាល់នូវតួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយផ្អែកលើច្បាប់ក្នុងការជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត។ រដ្ឋមន្រ្តីទាំងអស់ក៏បានអបអរសាទរចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងរួមដៃគ្នាប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ ។ សេចក្តីថ្លែងការណ៍រួមក៏បានកត់សម្គាល់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ ២០០៩ មក ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនជាលើកដំបូង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ៕