អេស្បាញ ន័រវែស និងអៀរឡង់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា ប្រទេសអេស្ប៉ាញ ន័រវែស និងអៀរឡង់ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ប្រទេសអឺរ៉ុបទាំងបីបានឲ្យដឹងថា អំពើរបស់ពួកគេនឹងជំរុញឱ្យប្រទេសផ្សេងទៀតអនុវត្តតាម។

រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បានសង្កត់ធ្ងន់ថា នេះគឺជា "ទិវាពិសេសក្នុងទំនាក់ទំនងន័រវេស-ប៉ាឡេស្ទីន"។ យោងតាមលោក Espen Barth Eide ប្រទេសន័រវេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្ររដ្ឋប៉ាឡេស្ទីនអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។

អេស្បាញ ន័រវែស និងអៀរឡង់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ - ảnh 1រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្ប៉ាញ ន័រវេស និងអៀរឡង់ បន្ទាប់ពីសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ រ៉យទ័រ

អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោកស្រី Pilar Alegria ក៏បានបញ្ជាក់ ថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះបានអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយចាត់ទុកថានេះជា "ទិវាប្រវត្តិសាស្ត្រ"។ មុននោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានឲ្យដឹងថា នេះជាតម្រូវការចាំបាច់សម្រាប់សន្តិភាព ហើយបានអះអាងថា វិធានការទាំងនេះមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយមធ្យោបាយតែមួយគត់ដើម្បីធានាអនាគតគឺដំណោះស្រាយរដ្ឋពីរ ពោលគឺរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល រួមរស់ប្រកបដោយសន្តិភាព និងសន្តិសុខ។

ចំណែកឯប្រទេសអៀរឡង់វិញ ដោយការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ប្រទេសនេះបានអំពាវនាវឱ្យបញ្ឈប់ជម្លោះហាម៉ាស-អ៊ីស្រាអែល ដើម្បីបញ្ឈប់គ្រោះសោកនាដកម្មមនុស្សធម៌នៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ