អ៊ីស្រាអែល​​ត្រៀម​ខ្លួន​ប្រយុទ្ធ​នៅលើ​​​សមរភូមិ​ជា​ច្រើន​ដើម្បី​កម្ចាត់​​ក្រុម​ហាម៉ាស

(VOVWORLD) - អ្នកនាំពាក្យនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឧត្តមនាវី Daniel Hagari នៅថ្ងៃទី ១៥ ខែតុលាបានប្រកាសថា កងកម្លាំងនេះត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធនៅលើសមរភូមិជាច្រើនក្នុងពេលតែមួយ ដើម្បីសម្រេចបាននូវគោលដៅវាយកំចាត់ចលនាអ៊ីស្លាមហាម៉ាស និងធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។ 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាផ្លូវការនៅទីក្រុង Tel Aviv លោក Daniel Hagari ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល នឹងមិនព្រងើយកន្តើយចំពោះជ្រុងណាមួយនៅមជ្ឈិមបូព៌ាឡើយ ដោយបង្ហាញពីការស្វែងរកនិងកម្ទេចខ្មាន់កាំភ្លើងនៃក្រុមហាម៉ាសនៅគ្រប់ទីកន្លែងក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបម្រើគោលដៅសន្តិសុខនេះ។
យោងតាមការធ្វើស្ថិតិនាយប់ថ្ងៃទី ១៥ ខែតុលា របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដោយកងទ័ពអ៊ីស្រាអែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦០០ នាក់ស្លាប់ និងជិត ១.០០០ នាក់ទៀតរងរបួស។ ចំនួនអ្នកស្លាប់និងរងរបួសសរុបចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ចាប់ពីថ្ងៃទី ៧ ខែតុលារហូតដល់ពេលនេះ មានចំនួនជនជិត ២.៧០០នាក់បានស្លាប់និងជាង ៩.៦០០នាក់ទៀតរងរបួស។ នេះជាចំនួនអ្នកស្លាប់និងរងរបួសច្រើនបំផុតក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីសិទ្ធិគ្រប់គ្រងតំបន់នេះត្រូវបានប្រគល់ជូនប៉ាឡេស្ទីនឡើងវិញនៅឆ្នាំ២០០៥។ បច្ចុប្បន្ន តំបន់ហ្គាហ្សាស្ថិតក្រោមការឡោមព័ទ្ធទាំងស្រុងដោយកងទ័ពអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ