អ៊ីស្រាអែលបង្កើនការវាយប្រហារលើ​ទីក្រុង​ Rafah ខណៈ​ដែល​ភាពតានតឹងកាន់តែ​កើន​ឡើងនៅតំបន់​ព្រំ​ដែនអ៊ីស្រាអែល-លីបង់

(VOVWORLD) - បើទោះបីជាមានការខិតខំប្រឹងប្រែងការទូតអន្តរជាតិដើម្បីកាត់បន្ថយការប្រយុទ្ធគ្នា និងឆ្ពោះទៅរកការបញ្ឈប់ជម្លោះទាំងស្រុងក៏ដោយ ក៏នាថ្ងៃទី ១៣ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ជាពិសេសនៅទីក្រុង Rafah។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងថ្ងៃដដែលនោះ រថក្រោះអ៊ីស្រាអែលបានបន្តសម្រុកចូលកណ្តាលទីក្រុង Rafah ហើយបានបង្កើនការវាយប្រហារទៅភាគខាងលិចនៃទីក្រុង។ ក្នុងនោះ ការវាយប្រហារបានប្រព្រឹត្តិទៅយ៉ាងសាហាវបំផុតនៅតំបន់ Al Mawasi។ ប្រភពព័ត៌មានពីកងកម្លាំងហាម៉ាសបានបញ្ជាក់ថា ការវាយប្រហារថ្មីបំផុតរបស់កងទ័ពអ៊ីស្រាអែលសំដៅទៅលើទីក្រុង Rafah បានបណ្តាលឲ្យមនុស្សជាង ៣០ នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។

អ៊ីស្រាអែលបង្កើនការវាយប្រហារលើ​ទីក្រុង​ Rafah ខណៈ​ដែល​ភាពតានតឹងកាន់តែ​កើន​ឡើងនៅតំបន់​ព្រំ​ដែនអ៊ីស្រាអែល-លីបង់ - ảnh 1ទិដ្ឋភាពបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើផ្ទះសម្បេងក្នុងក្រុង Rafah។ រូបថត៖ រ៉យទ័រ

រីឯខ្លួនវិញ អ៊ីស្រាអែលបានប្រកាសថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ កងកម្លាំងរបស់ប្រទេសនេះបានវាយប្រហារលើគោលដៅចំនួន៤៥នៅតំបន់ហ្គាហ្សា រួមទាំងទីក្រុង Rafah ដោយបានកម្ចាត់ខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ១០ នាក់។

នៅក្នុងការវិវឌ្ឍន៍មួយពាក់ព័ន្ធ នៅថ្ងៃទី ១៣ ខែមិថុនា អាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថា គ្រាប់រ៉ុក្កែតប្រហែល ៤០គ្រាប់ ត្រូវបានបាញ់បង្ហោះចេញពីប្រទេសលីបង់ សំដៅទៅលើទីក្រុងនានានៅភាគខាងជើងអ៊ីស្រាអែល។ មុននោះ នាថ្ងៃទី១២ ខែមិថុនា កងកម្លាំង Hezbollah ក៏បានបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ សំដៅលើមូលដ្ឋានយោធា និងរោងចក្រយោធារបស់អ៊ីស្រាអែល។ នេះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ Taleb Abdallah នៃក្រុម Hezbollah និងខ្មាន់កាំភ្លើងបីនាក់ទៀត។ Hezbollah បានឲ្យដឹងថា កម្លាំងនេះនឹងបង្កើនសកម្មភាពឆ្លើយតបនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ